30 C
Phnom Penh
Saturday, July 27, 2024

សម្តេចតេជោ គូសបញ្ជាក់ថា “ភាពជាម្ចាស់ប្រទេស” គឺជាគន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាពពេញលេញ ប្រកបដោយនិរន្តរភាព

ស្តាប់អត្ថបទជាសម្លេង

  ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា តាមរយៈបទពិសោធន៍ ដែលស្ដែងចេញពីការអនុវត្ត នៃស្ថានការណ៍នយោបាយ នៅប្រទេសអាហ្វហ្គានីស្ថាន នៅទីកន្លែងផ្សេងៗទៀត កម្ពុជា អាចយល់ច្បាស់បានថា មានតែភាគីពាក់ព័ន្ធ នៅក្នុងប្រទេសជម្លោះតែប៉ុណ្ណោះ ដែលអាចចូលរួមចំណែក កសាងសន្តិភាពនិងប្រទេសជាតិវិញបាន ប្រទេសដទៃ មិនអាចដើរតួជំនួស ក្នុងការកសាងបានឡើយ។ 

  មានប្រសាសន៍ក្នុងមហាសន្និបាត នៃក្តីសង្ឃឹមពិភពលោក លើកទី៧ ៖ ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលរៀបចំឡើង តាមប្រព័ន្ធវីដេអូ សម្តេចតេជោ បានគូសបញ្ជាក់ថា “ភាពជាម្ចាស់ប្រទេស” គឺជាគន្លឹះទៅរកជោគជ័យ និងសន្តិភាពពេញលេញ ប្រកបដោយនិរន្តរភាព។ 

  សម្តេចតេជោ មានប្រសាសន៍ថា “ប្រទេសដទៃ មិនអាចមកបណ្ដុះគុណតម្លៃ និងប្រព័ន្ធនយោបាយ នៃប្រទេសណាមួយបានឡើយ ដោយសារមូលដ្ឋានគ្រឹះសំខាន់ទាំងនេះ ត្រូវការរីកលូតលាស់ជាលំដាប់លំដោយ ស្របទៅតាមបរិបទនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសនីមួយៗ”។ 

  សម្តេចបានបន្ថែមថា ជាក់ស្ដែង មានកម្ពុជាជាឧទាហរណ៍គំរូមួយ ដែលគួរពិចារណាយកជាបទពិសោធន៍ សន្តិភាពពេញលេញ ដែលកម្ពុជាទទួលបាននៅពេលនេះ គឺត្រូវកសាងឡើង ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងប្រទេស។ 

  ត្រង់ចំណុចនេះ សម្តេចបានមានប្រសាសន៍ថា “ខ្ញុំសុំគួសបញ្ជាក់ថា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ កម្ពុជាមិនអាចសម្រេចបានសន្តិភាពពេញលេញនោះទេ បើទោះបីជាសហគមន៍អន្តរជាតិ បានចំណាយថវិកាអស់ប្រមាណ២ពាន់លានដុល្លារអាមេរិក សង្គ្រាមនៅតែបន្តអូសបន្លាយ រហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចឈានទៅសម្រេចបាន សន្តិភាពពេញលេញ បន្ទាប់ពីបានអនុវត្តនយោបាយឈ្នះឈ្នះ ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ក្នុងចំណោមជាតិសាសន៍របស់យើង”។ 

  ក្នុងន័យនេះ សម្តេចតេជោ បានគូសបញ្ជាក់ជាថ្មីម្ដងទៀតថា “យើងត្រូវតែមានភាពជាម្ចាស់ប្រទេស ក្នុងការកសាងសន្តិភាព និងការកសាងប្រទេសជាតិ នៅក្រោយជម្លោះ”៕

អានបន្ត

spot_img