26 C
Phnom Penh
Saturday, July 27, 2024

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ថា ៖ វ៉ាក់សាំងកូវីដ-១៩ បានក្លាយជាទំនិញយុទ្ធសាស្ត្រសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោក

ស្តាប់អត្ថបទជាសម្លេង

ក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ចំនួន១សែនដូស ជំនួយដ៏ថ្លៃថ្លាពីសមាគមជាតិកាកបាទក្រហមចិន ជូនកាកបាទក្រហមកម្ពុជា តាមរយៈឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ។ 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ៖ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុន្នីនាថ សីហនុ ជាព្រះប្រធានកិត្តិយស បានសម្តែងនូវក្តីសោមនស្សរីករាយ  ដែលបានមកចូលរួមដោយផ្ទាល់ ក្នុងឋានៈ ជាប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងពិធីប្រគល់ ទទួលវ៉ាក់សាំងនាពេលនេះ។ 

ជំនួយមនុស្សធម៌នេះ គឺជាទង្វើដ៏ថ្លៃថ្លាដែលមិនអាចកាត់ថ្លៃបាន និងបង្ហាញអំពីទឹកចិត្តឈឺឆ្អាលប្រកបដោយមនសិការ ក្នុងការជួយគ្នាក្នុងគ្រាលំបាកនេះ ខណៈដែលវ៉ាក់សាំង បានក្លាយជា ទំនិញយុទ្ធសាស្ត្រសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩នៅទូទាំងពិភពលោក។ ជាងនេះទៅទៀត កាយវិការនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពកាន់តែស្អិតរមួត និងឥតប្រួលប្រែ ជាយូរអង្វែងរវាងប្រទេសទាំង២ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងសមាគមជាតិកាកបាទក្រហមចិន។ 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្ថែមថា ៖ ក្នុងក្របខណ្ឌសកល សាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាប្រទេសឈានមុខគេ នៅក្នុងការផ្តល់វ៉ាក់សាំង ដោយមិនប្រកាន់និន្នាការទាំងក្នុងក្របខណ្ឌមនុស្សធម៌ និងការបញ្ជាទិញដោយផ្ទាល់ ជាពិសេស បាននិងកំពុងចូលរួមជួយជ្រោមជ្រែងប្រទេសកំពុងអភិវឌ្ឍ ក្នុងការទទួលបានវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

 សម្រាប់កម្ពុជា ការរីករាលដាលនៃជំងឺកូវីដ-១៩ មិត្តចិន តែងតែនឹករលឹកដល់កម្ពុជា និងខិតខំជួយកម្ពុជាតាមគ្រប់រូបភាព ក្នុងការធានានិរន្តភាពកិច្ចអភិវឌ្ឍសង្គម ដោយឈរលើចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំង២។ ក្នុងស្ថានភាពបច្ចុប្បន្ន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាមទារឱ្យមានការចូលរួម និងសហការយ៉ាងស្អិតរមួត ពីភាគីពាក់ព័ន្ធទាំងអស់។ ក្នុងន័យនេះ កាកបាទក្រហមកម្ពុជា ប្តេជ្ញាបន្តខិតខំចូលរួម និងសហការជាមួយនឹងរាជរដ្ឋាភិបាល ឱ្យកាន់តែខ្លាំងក្លាមួយកម្រិតទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការចូលរួមចំណែកអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋតាមសហគមន៍ឱ្យអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដើម្បីសុខភាពល្អរបស់គ្រួសារមួយ សហគមន៍មួយ និងសង្គមជាតិទាំងមូល។

 ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សូមប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេស “វិធានការ ៣-កុំ និង ៣-ការពារ” និងសូមមាតាបិតា និងអាណាព្យាបាលនាំកូនៗ និងក្មួយៗ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការមិនទុកឱ្យមានប្រជាជនកម្ពុជាណាម្នាក់ មិនបានចាក់វ៉ាក់សាំង នៅពេលដល់វេនរបស់ខ្លួននោះឡើយ ក្នុងគោលបំណងការពារសុវត្ថិភាព សុខភាព ក៏ដូចជាសុខុមាលភាពរបស់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

ក្នុងក្នុងឱកាសនោះឯកឧត្តម  វ៉ាង វិនធៀន ( Wang Wentian ) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ៖  ចិននិងកម្ពុជាគឺជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងដៃគូល្អ ដោយចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ចិននិងកម្ពុជាបានជួយគ្នាទៅវិញទៅមក រួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ បង្កើតបានជាគម្រូ សម្រាប់សហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺវីរុសនៅក្នុងសហគមន៍អន្តរជាតិ។

 ឯកឧត្តម បានសង្កត់ធ្ងន់ថា ៖ វ៉ាក់សាំងចិនដូសនីមួយៗ ពោរពេញទៅដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុតរបស់ប្រជាជនចិនជូនចំពោះប្រជាជនកម្ពុជា ហើយប្រទេសចិននឹងបន្តធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនកម្ពុជា។ ទន្ទឹមនឹងនេះ កាកបាទក្រហមចិន និងកាកបាទក្រហមកម្ពុជា តែងរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការចំណងមិត្តភាព ដោយរាល់ពេលមានគ្រោះធម្មជាតិកើតឡើង ភាគីទាំងពីរបានជួយគ្នាទៅវិញទៅមក យ៉ាងទាន់ពេលវេលា។ ជាមួយគ្នានេះឯកឧត្តមក៏បានបង្ហាញភាពជឿជាក់ថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាប្រាកដជាអាចយកឈ្នះនឹងជំងឺកូវីដ-១៩ក្នុងពេលឆាប់ៗជាមិនខាន ។

សូមបញ្ជាក់ថា៖ ក្រោយពីវ៉ាក់សាំងចិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់កាលពីខែកុម្ភៈឆ្នាំ២០២១នេះ ចិនបានចាប់ផ្តើមផ្តល់ជំនួយជាវ៉ាក់សាំងតាមការបញ្ជាទិញពីភាគីកម្ពុជា គិតត្រឹមថ្ងៃនេះប្រទេសចិនបានផ្តល់វ៉ាក់សាំងសរុបចំនួន២២.៣លានដូស ដែលក្នុងនោះ៣.៨លានដូសជាជំនួយឥតសំណង។

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img