បាត់ដំបង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដល់ផ្លែមៀនក្រអូប និងតាង៉ែន ចំនួន៥តោន ជូនដល់រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរអង្គភាពជុំវិញខេត្ត តាមរយៈ លោក សួស យ៉ារ៉ា តំណាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ។
ពិធីប្រគល់និងទទួលនេះ បានប្រព្រឹត្តិទៅនៅសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាលខេត្ត មន្ត្រីរាជការសាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នេះ ។
លោក ងួន រតនៈ បានមានប្រសាសន៍ថា ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានយកចិត្តទុកដាក់ខ្ពស់ពីជីវភាពរស់នៅ ក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងបរិបទ នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ សម្ដេចតែងបានណែនាំជំរុញដល់អាជ្ញាធរ រាជធានីខេត្ត ក្រុង ស្រុក មន្ត្រីរាជការកងកម្លាំងសមត្ថកិច្ចជួរមុខ ដែលកំពុងបំពេញបេសកកម្មជួយអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅបានល្អប្រសើរ ។
លោកអភិបាលខេត្តបាត់ដំបង បានបន្តទៀតថា ជាក់ស្ដែងពេលនេះមិនត្រឹមតែបានយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាការពារសុខុមាលភាព អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងបរិបទនៃការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះប៉ុណ្ណោះទេ សម្តេចទាំងទ្វេរ ថែមទាំងបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីទិញផ្លែមៀនក្រអូប ផ្លែតាង៉ែន ដ៏ឆ្ងាញ់ពិសាពីកសិករខ្មែរដែលកំពុងជួបបញ្ហាប្រឈមខ្វះទីផ្សារ សំដៅជួយសម្រាលដើមទុន និងដើម្បីជួយជំរុញលើកទឹកចិត្តដល់កសិករ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការងារជួរមុខ និងប្រជាពលរដ្ឋអ្នកជំងឺ និងអ្នកកំពុងធ្វើចត្តាឡីស័កថែមទៀតផង។
លោក ងួន រតនៈ បានសំដែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកបដោយទឹកចិត្តមនុស្សធម៌ គុណធម៌ដ៏ថ្លៃថ្លាប្រពៃ និងសូមគោរពជូនពរសម្ដេចទាំងទ្វេមានសុខភាពល្អ អាយុយឺនយូរ ដើម្បីដឹកនាំប្រទេសកម្ពុជា មានសុខសន្តិភាពយូរអង្វែង និងការអភិវឌ្ឍរីកចម្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពធូរធារទៅអនាគតបន្តទៀត ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News