30 C
Phnom Penh
Saturday, July 27, 2024

សម្ដេចក្រឡាហោម ស ខេង ជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលឆាប់ៗ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិកាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានមានប្រសាសន៍ថា សម្តេចនឹងជម្រុញការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដោយរាជរដ្ឋាភិបាលបានសម្រេចឱ្យរៀបចំកម្មវិធីជាតិដំណាក់កាលទី២ សម្រាប់រយៈពេល ១០ឆ្នាំបន្ថែមទៀត ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ដើម្បីសំដៅបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានសក្តានុពលក្នុងការចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល នោះគឺការស្ដារស្ថានភាពសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិកូវីដ-១៩ និងការបន្តជំរុញ កម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលឆាប់ៗ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងដូចនេះ ក្នុងកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។ ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃ ខ្ពស់ចំពោះគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) ដែលបានគាំទ្រ និងចូលរួមក្នុងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដ៏មានសារៈសំខាន់នេះ តាមតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន។

ចំពោះការកោះប្រជុំលើកទី១៩របស់ គ.ជ.អ.ប.នាពេលនេះ ក្នុងគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងអំឡុងឆ្នាំ២០២០ និងក្នុងឆមាសទី១ឆ្នាំ២០២១ ជាពិសេសការពិនិត្យលើសេចក្តីព្រាង ឯកសារ កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ សម្រាប់អនុវត្តពីឆ្នាំ២០២០ដល់ឆ្នាំ២០៣០ ដែលគ្រោងនឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចនាដើមខែវិច្ឆិកាខាងមុខ។

សម្ដេចក្រឡាហោម បន្តទៀតថា បានអនុវត្តបញ្ចប់កម្មវិធីជាតិរយៈពេល១០ឆ្នាំដំណាក់កាលទី១(២០១០-២០២០) ដោយសម្រេចបាននូវសមិទ្ធផល ធំៗជាច្រើនពាក់ព័ន្ធនឹងការរៀបចំ និងដាក់ឱ្យដំណើរការស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរួមជាមួយការផ្ទេរមុខងារ និងធនធានចាំបាច់នានាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការអភិវឌ្ឍនមូលដ្ឋាន និងការផ្តល់សេវាសាធារណៈចាំបាច់នានាជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នាចុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានរៀបចំឡើងវិញនូវរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ ដោយបានធ្វើសមាហរណកម្មការិយាល័យ ជំនាញនានាទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងរៀបចំឱ្យរដ្ឋបាលថ្នាក់នេះ ក្លាយជារដ្ឋបាលមូលដ្ឋានដែលមានតួនាទីសំខាន់ក្នុងការសហការជាមួយរដ្ឋបាលឃុំសង្កាត់ ក្នុងការផ្តល់សេវាចាំបាច់នានាជូនប្រជាពលរដ្ឋដោយផ្ទាល់៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img