ស្តាប់អត្ថបទជាសំឡេង
ព្រះវិហារ៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកជ័យសែន ខេត្តព្រះវិហារ សហការចុះបង្ក្រាបបទល្មើសព្រៃឈើ (សន្និធិ) ត្រង់ចំណុច ភូមិរំដោះ ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ដោយបានរឹបអូសឈើបានចំនួន២ទីតាំង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ចំពោះទីតាំង១ កម្លាំងបង្ក្រាបបានឈើ “ស្រឡៅ”ចំនួន២១២សន្លឹក ស្មើនឹង ១០,១៨៩ម៉ែត្រត្រីគុណ និងទីតាំងទី២ បង្ក្រាបបានឈើ ខ្វាវចំនួន៦៨សន្លឹក ស្មើនឹង១,៧០០ម៉ែត្រត្រីគុណ និងបានរឹបអូសមធ្យោបាយរថយន្តសាំងយ៉ុងកែច្នៃទ្រុងចំនួន១គ្រឿង (ម្ចាស់រត់គេចខ្លួន)។ បច្ចុប្បន្ន វត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ បានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកជ័យសែន។
ចំណែកនៅឯខេត្តក្រចេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នូល ដឹកនាំដោយលោក វរសេនីយ៍ត្រី ព្រហ្ម សំអុន មេបញ្ជាការរងស្រុកស្នួល សហការជាមួយមន្ត្រីដែនជម្រកសត្វព្រៃកែវសីម៉ាភ្នំព្រិច ចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុច ត្រពាំងតាផូ ភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះ ដោយបានចាប់យករថយន្តសាំយ៉ុងពណ៌ស គ្មានស្លាកលេខ១គ្រឿង ផ្ទុកឈើអា”ខ្វាវ” ចំនួន៥៥សន្លឹក និងឈើ”សុក្រំ”១០x៤០ ប្រវែង២,៥ម៉ែត្រ ចំនួន២ដុំ។ ក្នុងករណីនេះ អ្នកបើកបរគេចខ្លួនបាត់។ ទោះយ៉ាងនេះក៏ដោយ វត្ថុតាងខាងលើប្រគល់ឱ្យជំនាញដែនជម្រកសត្វព្រៃកែវសីម៉ា-ភ្នំព្រិច ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ និងរូបភាពដោយ៖ Puthinews