30 C
Phnom Penh
Saturday, July 27, 2024

សមត្ថកិច្ចសម្រេចកាត់សោរចូលពន្លត់អគ្គិភ័យបានទាន់ពេលវេលាខណៈម្ចាស់ផ្ទះទៅជួបជុំបងប្អូនថ្ងៃបំណាច់ឆ្នាំ

បន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅ សម្រេចកាត់សោរចូលពន្លត់អគ្គិភ័យទាន់ពេលវេលា ខណៈម្ចាស់ផ្ទះទៅជួបជុំបងប្អូនថ្ងៃបំណាច់ឆ្នាំ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩.៣០នាទីយប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅក្បែរសណ្ឋាគារ ផេង ចិន្តា ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ទីតាំងក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់ជេខេ ដែលអគ្គិភ័យបានឆេះនេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរជ្រៅ នៅពេលធំក្លិន និងមានផ្សែងហ៊ុយចេញពីទីតាំងកើតហេតុ ខណៈដែលផ្ទះត្រូវបានបិទទ្វារចាក់សោរជិតឈឹងតែម្តង។

លោកអនុសេនីយ៍ឯក ប៊ុន ឆាយដែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅបានប្រាប់ថា៖ ក្រោយពីទទួលព័ត៌មាន ថាភ្លើងឆេះនៅទីតាំងខាងលើ លោកបានដឹកនាំកម្លាំងចុះដល់ទីតាំង ឃើញប្រជាពលរដ្ឋនាំគ្នាយកទឹកជះនៅស័ង្គសី ដែលឃើញផ្សែង លោកបានដាក់កម្លាំងគ្រប់គ្រង និងសម្រេចកាត់សោរដើម្បីបាញ់ទឹកពន្លត់បានទាន់ពេលវេលា។

លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា ក្រោយពេលភ្លើងរលត់នោះ ម្ចាស់ផ្ទះមកដល់ហើយបានប្រាប់ថា បានបិទទ្វារផ្ទះនាំគ្នាទៅជួបជុំជាមួយបងប្អូននៅថ្ងៃបំណាច់ឆ្នាំនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតដែលនៅចំងាយប្រហែល១០គីឡូម៉ែត្រ។ អគ្គិភ័យដែលបណ្តាលឲ្យឆេះដោយសារម្ចាស់ផ្ទះបានដុតធូបមូសនៅលើចានជ័រទុកចោលនៅលើតុ។ ដោយអគ្គិភ័យនេះត្រូវបានពន្លត់ទាន់ពេលវេលា ឆេះតែឯកសារខ្លះៗ តុ កុំព្យូទ័រ និងសម្ភារៈផ្សេងងៗ សម្រាប់បំរើសេវាកម្មទទួលបញ្ញើរអីវ៉ាន់ នៅទីតាំងសំយាបផ្ទះប៉ុណ្ណោះ មិនមានឆ្លងរីករាលដល់តួផ្ទះនោះទេ។

លោក វរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានណែនាំដល់កងកម្លាំងត្រូវធ្វើការប្រុងប្រយ័ត្នគ្រប់ពេលវេលា ដើម្បីអន្តរាគមន៍ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជាពិសេសនៅថ្ងៃបំណាច់ឆ្នាំដែលប្រជាពលរដ្ឋធ្វើដំណើរកំសាន្តច្រើន និងមានការអុចធូបទាន ដុតកាំជ្រួចបង្ហោះគម។ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្ន ចំពោះការអុចធូបទាន និងទុកដាក់ទ្រព្យសម្បត្តិឲ្យល្អ ចៀសវាង គ្រោះថ្នាក់ហានីភ័យផ្សេងៗ និងបាត់បង់ទ្រព្យជាដើម៕


ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img