26 C
Phnom Penh
Saturday, July 27, 2024

សមត្ថកិច្ចព្រំដែន ព្រមានមន្ត្រីខ្លួនមិនឱ្យពាក់ព័ន្ធនឹងមេខ្យល់នាំមនុស្សឆ្លងដែន និងបទល្មើសជួញដូរគ្រឿងញៀន

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ ក្នុងនាមជានគរបាលជាតិ ដាច់ខាតមិនត្រូវពាក់ព័ន្ធជាមួយឈ្មួញ ឬបទល្មើសជួញដូរគ្រឿងញៀន និងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ឡើយ។ បើរកឃើញបទល្មើសនៅគោលដៅណា នឹងមានវិធានការតាមច្បាប់ ឬបញ្ជូនទៅតុលាការ។ នេះជាសារព្រមានរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចំពោះមន្ត្រីនគរបាលដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ របស់កងកម្លាំងនគរបាលការពារព្រំដែន នៅទីបញ្ជាការវរនគរបាលការពារព្រំដែនគោក៨០៧ ច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្រៅពីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញឱ្យគ្រប់មេបញ្ជាការវរៈ ត្រូវមានសាមគ្គីផ្ទៃក្នុង ពង្រឹងប្រសិទ្ធភាពកម្លាំង សហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងភាគីថៃឱ្យបានល្អ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើការងារ។ កម្លាំងទាំងអស់ត្រូវរួមគ្នាទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ពិសេសគឺបទល្មើសទី១ ការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ (ពលករចំណាកស្រុក មេខ្យល់) ទី២ បទល្មើសសេដ្ឋកិច្ច (ទំនិញគេចពន្ធ និងរថយន្តចង្កូតស្តាំ) និងទី៣-បទល្មើសជួញដូរគ្រឿងញៀន។

សូមបញ្ជាក់ថា ក្រៅពីព្រមានដល់មន្ត្រីខ្លួន លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ចេញនូវបទបញ្ជាឱ្យកម្លាំងនគរបាលព្រំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់ ពង្រឹងប្រសិទ្ធភាពការងារ ត្រៀមកម្លាំងប្រចាំការ២៤ម៉ោង កសាងប៉ុស្តិ៍ ជម្រក សម្ភារ បរិក្ខារទ័ព គ្រប់គ្រងគ្រាប់/អាវុធ បង្កបង្កើនការដាំដំណាំ ចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ដល់ការហូបចុកប្រចាំថ្ងៃ ដើម្បីលើកស្ទួយជីវភាពនគរបាលតាមព្រំដែន ឱ្យកាន់តែមានភាពប្រសើរឡើង ដោយមិនត្រូវពឹងផ្អែកតែជំនួយពីខាងក្រៅនោះទេ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img