ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល មានចំនួន៥៤ករណី នាយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះឃាត់ខ្លួនអប់រំ និងពិន័យចំនួន១៧៨នាក់ ឃាត់រថយន្ត០៤គ្រឿង និងម៉ូតូ៣១គ្រឿង ដោយបានពិន័យជាប្រាក់ចំនួន២ ២០០ ០០០រៀល និងវិធានការអបរំផ្សព្វផ្សាយចំនួន៥៦៩ទីតាំង អប់រំតាមគោលដៅចរាចរផ្លូវគោកចំនួន១៧៩នាក់ (យានយន្ត១២១គ្រឿង)។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ពេលកន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តផ្អាកជាបណ្ដោះអាសន្នចំពោះ សកម្មភាព ការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩។
ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរូមលើសពី១៥នាក់ លើកលែងតែការជួបជុំមួយចំនួន ដែលបានកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ចប៉ុណ្ណោះ៕




អត្ថបទ និងរូបភាពដោយ៖ Puthi News