30 C
Phnom Penh
Saturday, July 27, 2024

សមត្ថកិច្ចខ្មែរ និងសមត្ថកិច្ចថៃ ចាប់ខ្លួនពលរដ្ឋខ្មែរ លួចឆ្លងដែនខុសច្បាប់ចំនួន៦៤នាក់

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ
ស្រុកស្វាយចេក និងកម្លាំងសមត្ថកិច្ចថៃ បានចាប់ខ្លួនពលរដ្ឋខ្មែរលួចឆ្លងដែនចូលក្នុងភូមិសាស្ត្រ ភូមិណងផៃ ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ បានជាបន្តបន្ទាប់សរុបចំនួន ៦៤នាក់ នៅយប់ថ្ងៃ២៤ ខែតុលា ឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ករណីទី១ តាមការឱ្យដឹងពីកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន៩១១ នៅម៉ោង ៤:៣០នាទីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍ការពារព្រំដែនចំការគនៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ និងកម្លាំងយោធា បានស្ទាក់ឃាត់ពលរដ្ឋខ្មែរចំនួន ៣២នាក់(ស្រី១៧នាក់) ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ត្រង់ចំណុចខាងជើងមណ្ឌលយោធិនពិការតេជោភ្នំឆ័ត្រ៣១៧ ស្ថិតក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បន្ទាប់មកពលរដ្ឋទាំងនោះបានបញ្ជូនទៅឱ្យក្រុមការងារចម្រុះប្រចាំច្រកអូរបីជាន់។

ដោយឡែកករណីទី២ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ នៅវេលាម៉ោង ១០:១០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកតាប្រាយ៉ា សហការជាមួយកម្លាំងទាហានបូព៌ា ឆ.ក. តាប្រាយ៉ា ចាប់ឃាត់ខ្លួនពលករខ្មែរចំណាកស្រុកចូលទៅធ្វើការងារនៅប្រទេសថៃខុសច្បាប់ បានចំនួន ៣២នាក់ (ស្រីចំនួន ១៦នាក់) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិណងផៃ ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ចម្ងាយ ១៨គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា ភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ពលរដ្ឋខ្មែរដែលត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួននោះ ក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំការច្រកតំបន់បឹងត្រកួន បានធ្វើការស្នើរសុំសហការពីសមត្ថកិច្ចថៃឱ្យបញ្ជូនពលករទាំង ៣២នាក់នោះត្រឡប់មកប្រទេសកម្ពុជាវិញ តែភាគីថៃមិនទាន់ឯកភាព និងបានបញ្ជូនទៅធ្វើកំណត់ហេតុនៅអធិការដ្ឋានស្រុកតាប្រាយ៉ា ពោលគឺ អនុវត្តតាមនីតិវិធីជាមុនសិន៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img