29 C
Phnom Penh
Tuesday, December 10, 2024

សប្តាហ៍ទី២ខែកញ្ញា មានភ្ញៀវទេសចរចេញដើរកម្សាន្តទូទាំងប្រទេសជាង៦ម៉ឺននាក់ កើនឡើងជាង២៤%

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការដើរកម្សាន្តរបស់ភ្ញៀវទេសចរផ្ទៃក្នុងនៅទូទាំងប្រទេស នៅសប្តាហ៍ទី២នៃ ខែកញ្ញា ពោលគឺពីថ្ងៃទី១១-១២ ខែកញ្ញានេះ សរុបមានប្រមាណ ៦ម៉ឺន ៣៤២១នាក់ មានការកើនឡើង ២៤,២៥% ធៀបនឹងសប្តាហ៍កន្លងទៅ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន រាជធានីភ្នំពេញ ខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តព្រះសីហនុ និងខេត្តពោធិ៍សាត់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា ជាការវាយតម្លៃបឋម ចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅមិនទាន់មានចំនួនច្រើននៅឡើយទេ ខណៈរាជធានី-ខេត្តមួយចំនួននៅបន្តដាក់ចេញវិធានការរដ្ឋបាលដាច់ដោយឡែក ក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។

លោកបានបញ្ជាក់ថា មន្ទីរទេសចរណ៍ដែលជាសេនាធិការឱ្យរដ្ឋបាលរាជធានី-ខេត្តបាន និងកំពុងជំរុញការផ្សព្វផ្សាយ និងចុះអនុវត្តយ៉ាងសកម្មនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដារអប្បបរមា (SOP) ដែលក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១កន្លងមក នៅតាមមូលដ្ឋានអាជីវកម្មស្នាក់នៅ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានា ដើម្បីធានាការបើកដំណើរការមូលដ្ឋានអាជីវកម្មក្នុងគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាពពីជំងឺកូវីដ-១៩ និងធានាបាននូវគុណភាពសេវាកម្មប្រកបដោយភាពពេញចិត្ត។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា ក្រសួងក៏បានដាក់ចេញសារាចរណែនាំ ដើម្បីគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img