30 C
Phnom Penh
Saturday, July 27, 2024

សត្វគោមួយក្បាលរត់កាត់ផ្លូវបុក ម៉ូតូមួយគ្រឿងឌុបគ្នា ខ្ទាតចូលរថយន្ត Lixcus កិនស្លាប់នៅកន្លែងកើតហេតុទាំង២នាក់

ខេត្តកំពង់ស្ពឺ៖ យុវជនជំទង់ម្នាក់ និងម្តាយមីង បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលកំពុងជិះម៉ូតូ ១ គ្រឿងឌុបគ្នា ហើយសត្វគោជំទង់១ក្បាលរត់ឆ្លងផ្លូវក៏ជ្រុលបុកម៉ូតូ ខ្ទាតអ្នកបើកបរនិងអ្នករួមដំណើរ ចៃដន្យមានរថយន្តឡិចសុីស១គ្រឿង ក៏បុកពីក្រោយហើយកិនតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង ២៥នាទីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២-ទៅលេខ១៣ ត្រង់ចំណុចភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកឧដុង្គនិយាយឱ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥(HONDA DREAM C125) ស៊េរីឆ្នាំ ២០១៤ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CC-9619 បើកបរដោយឈ្មោះ ហុីម គឹមស្រស់ ភេទប្រុស អាយុ២៧ ឆ្នាំ( បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) រស់នៅភូមិពោធិ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានឌុបម្តាយមីងឈ្មោះ សេង ភុំ អាយុ៤១ឆ្នាំ (បានស្លាប់នៅកន្លែងកើតហេតុ) រស់នៅភូមិឃុំជាមួយគ្នា។

អ្នកទាំងពីរនាក់បាន បើកបរម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើង។ លុះបើកបរមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានសត្វគោជំទង់១ក្បាល សម្បុរស បានរត់ឆ្លងផ្លូវជាតិយ៉ាងលឿន មកបុកម៉ូតូជនរងគ្រោះ ដែលកំពុងបើកបរនោះតែម្តង បណ្តាលឱ្យម៉ូតូដួលខ្ទាតអ្នកបើកបរ និងអ្នករួមដំណើរ ចូលទៅក្រោម រថយន្តមួយគ្រឿងម៉ាកឡិចសុីស ( LEXUS ) ពណ៌កាំម៉ៃមិនចាំផ្លាកលេខអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ក្រោយពេលបង្កហេតុរួចតៃកុងរថយន្តបានបើកបរបន្ថែមល្បឿន បន្តដំណើរទៅមុខគេចខ្លួនបាត់ស្រមោល) ដែលកំពុងបើកបរក្នុងទិសដៅស្របទិសគ្នា បណ្តាលឱ្យស្លាប់មនុស្សចំនួនពីរនាក់។

នគរបាលចរាចរណ៍ស្រុកឧដុង្គបានបញ្ជាក់ថា ក្រោយកើតហេតុនគរបាលជំនាញបានចុះវាស់វែងបានប្រគល់សពជនរងគ្រោះទាំងពីរនាក់ ជូនទៅសាច់ញាតិក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ រីឯមធ្យោបាយធ្វើដំណើររងការខូចខាតម៉ូតូកំរិតស្រាលមួយគ្រឿង។ រថយន្តបង្កហេតុក្រោយពេលកើតហេតុ តៃកុងរថយន្តបានបើកបរបន្តដំណើរទៅមុខគេចខ្លួនបាត់។
  
ចំពោះវត្ថុតាងម៉ូតូ១គ្រឿងនគរបាលជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img