30 C
Phnom Penh
Saturday, July 27, 2024

សត្វក្រពើភ្នំដ៏កម្របំផុត ១០ក្បាល ត្រូវបានប្រទះឃើញជាលើកដំបូងកំពុងហែលទឹកនៅក្នុងដែនជម្រកសត្វព្រៃស្រែពក នៃខេត្តមណ្ឌលគិរី

ស្តាប់អត្ថបទជាសំឡេង

មណ្ឌលគិរី៖ សត្វក្រពើភ្នំ ដែលជាប្រភេទសត្វដ៏កម្របំផុតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាភិភពលោក ត្រូវបានគេប្រទះឃើញចំនួន ១០ក្បាល (កូនក្រពើភ្នំចំនួន ៩ក្បាល និងមេមួយក្បាល) កំពុងហែលនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវានៅក្នុងដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ព្រៃទេសភាពភាគខាងកើតក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ នេះបើយោងតាមការឱ្យដឹងពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា របបគំហើញថ្មីនេះដោយក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន និងអង្គការ WWF។ នេះគឺជាដំណឹងដ៏រីករាយបំផុតសម្រាប់ក្រុមអ្នកអភិរក្ស និងអ្នកស្រាវជ្រាវដែលបានចំណាយពេលវេលា កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញការងារដោយភាពអត់ធ្មតបំផុត ក្នុងការតាមដានអំពីវត្តមានសត្វក្រពើភ្នំ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពក។ របកគំហើញនេះបានធ្វើឱ្យកម្ពុជាមានកំណត់ត្រាថ្មីមួយបន្ថែមទៀតពីវត្តមានក្រពើភ្នំនៅក្នុងខេត្តមណ្ឌលគិរី បន្ថែមពីអ្វីដែលគេបានដឹងពីមុនមកថា ក្រពើភ្នំមានវត្តមានតែនៅក្នុងតំបន់អារ៉ែងក្នុងតំបន់ជួរភ្នំក្រវ៉ាញខេត្តកោះកុង។

សត្វក្រពើភ្នំ ធ្លាប់មានរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក វត្តមានរបស់សត្វប្រភេទជិតផុតពូជបំផុតមួយនេះ ត្រូវបាត់បង់គួរឲ្យបារម្ភពីដែនជម្រកធម្មជាតិរបស់ពួកវា។ ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃសត្វក្រពើភ្នំ ដែលត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសរុប ចន្លោះពី ២០០ ទៅ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេស។ នៅលើពិភពលោក ចំនួនសត្វក្រពើភ្នំដែលស្ថិតក្នុងវ័យអាចបន្តពូជបាន មានប្រមាណមិនលើសពី ១.០០០ (១ពាន់) ក្បាលឡើយ។ កត្តាគំរាមកំហែងចំពោះការរស់រានរបស់សត្វក្រពើភ្នំមានដូចជា ការរេចរិល និងការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ដែលបណ្តាលមកពីតម្រូវការនៃការជួញដូរសត្វព្រៃខុសច្បាប់ ការចាប់ដោយខុសច្បាប់ដើម្បីផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមក្រពើ ការចាប់យកទៅបង្កាត់ពូជជាមួយពូជក្រពើផ្សេង ទំនប់វារីអគ្គិសនី និងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ការកត់សម្គាល់ពីវត្តមានទាំងមេក្រពើ និងកូនក្រពើភ្នំសរុប ១០ នៅពេលនេះ គឺជាការបញ្ជាក់កាន់តែច្បាស់អំពីវត្តមានរបស់ហ្វូងកូនសត្វក្រពើភ្នំដែលត្រូវបានអ្នកវិទ្យាសាស្ត្របានកត់ត្រាទុកវត្តមានរបស់ពួកវាជាលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០២១។ គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនាពេលនេះ គឺជាភស្តុតាងបញ្ជាក់ដោយរូបភាពដំបូងបង្អស់នៃការរស់រានបន្តពូជរបស់សត្វនេះ ក្រោយការខិតខំស្រាវជ្រាវអស់រយៈពេលជាងមួយទសវត្សរ៍នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ការពារធម្មជាតិមួយនៃតំបន់ព្រៃទេសភាពភាគខាងកើត ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាននិងគាំទ្រដោយអង្គការWWF។ យោងតាមអ្នកជំនាញសត្វព្រៃរបស់អង្គការ WWF កូនសត្វក្រពើភ្នំទាំងនេះមានអាយុប្រមាណចន្លោះពី៧ ទៅ ៨ខែ ហើយពួកវាមានល័ក្ខខ័ណ្ឌសុខភាពល្អ។ អ្នកវិទ្យាសាសាស្ត្រក៏បានស្វាគមន៍នូវដំណឹងដ៏ល្អនៃការរស់រាន និងការលូតលាស់របស់កូនសត្វក្រពើភ្នំទាំងនេះ ព្រោះដោយមានការការពារ និងតាមដានបានត្រឹមត្រូវ និងជាប់លាប់។ អ្នកវិទ្យាសាស្ត្រក៏បានរំពឹងដែរថា ពួកវានឹងចាប់ផ្តើមរស់នៅ និងដើររកស៊ីដោយឡែកពីគ្នា នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ ដោយមានក្តីសង្ឃឹមថា កូនសត្វក្រពើភ្នំទាំងអស់នេះនឹងបន្តលូតលាស់ឈានដល់ភាពពេញវ័យដើម្បីអាចបន្តពូជបាននៅពេលអនាគត។

ឯកឧត្តមរដ្ឋលេខាក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះក្រុមការងារស្រាវជ្រាវវិទ្យាសា្រស្រ្តនៃក្រសួងបរិស្ថាន និងអង្គការWWF ដែលបានខិតខំប្រឹងប្រែងសិក្សានិងស្រាវជ្រាវរហូតទទួលបាននូវលទ្ធផលដោយបានកត់ត្រាបញ្ជាក់ជាផ្លូវការលើកដំបូងបង្អស់នៃហ្វូងក្រពើភ្នំដែលកំពុងបន្តពូជនិងរីកធំធាត់នៅតំបន់អភិរក្សស្រែពក។ ឯកឧត្តមបានលើកឡើងថា នេះគឺជាលទ្ធផលដ៏វិជ្ជមាន ដែលកើតចេញពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិអភិរក្សរវាងក្រសួងបរិស្ថាន និង អង្គការWWF»។ ឯកឧត្តមក៏បានលើកឡើងថាការកត់ត្រាពីវត្តមានសត្វក្រពើភ្នំនៅពេលនេះបានបង្ហាញឲ្យឃើញពីសារៈសំខាន់នៃដែនជម្រកសត្វព្រៃស្រែពកដែលជាតំបន់ព្រៃរបោះធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាតំបន់ជីវៈចម្រុះសកលមួយដែលមានសក្តានុពលខ្ពស់សម្រាប់ការស្តារធនធានជីវៈចម្រុះ និងចំនួនសត្វព្រៃសំខាន់ៗមានតម្លៃជាសកលឡើងវិញ។

ជាមួយគ្នានេះ លោក សេង ទៀក នាយកអង្គការWWFកម្ពុជា ក៏បានមានប្រសាសន៍ថា យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សបន្ថែមទៀត ដោយផ្តល់អាទិភាពលើការស្វែងរកនូវដំណោះស្រាយសមស្រប និងប្រកបដោយភាពច្នៃប្រឌិតសម្រាប់គាំទ្រដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការការពារធនធានសត្វព្រៃ។ ស្របពេលជាមួយគ្នានោះដែរ បន្តអំពាវនាវឱ្យចាត់នូវវិធានការ និងវិធីសាស្ត្រឲ្យកាន់តែប្រសើរជាងមុនដើម្បីគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងធនធានធម្មជាតិ៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img