30 C
Phnom Penh
Tuesday, October 8, 2024

សកម្មភាពដើរកម្សាន្តភ្ញៀវទេសចរផ្ទៃក្នុងចាប់ផ្តើមកម្រើកឡើងវិញ បន្ទាប់ពីបញ្ចប់វិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនថៃ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ក្នុងសប្ដាហ៍ទី១ នៃខែកញ្ញា ឆ្នាំ២០២១ (ថ្ងៃទី០៤-០៥) នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណជាង ៥១.០៤២នាក់ ក្នុងនោះមានភ្ញៀវជាតិ ៥០.១៣៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៩០៨នាក់។ 

គោលដៅទេសចរណ៍ដែលមានភ្ញៀវទៅកម្សាន្តច្រើនជាងគេគឺ រួមមាន៖ ខេត្តកំពត ២៣.៧៨៧ នាក់ ខេត្តកែប ៤.៩៥៥នាក់ រាជធានីភ្នំពេញ ៤.១៩០នាក់ ខេត្តសៀមរាប ៤.០៤៣នាក់ ខេត្តតាកែវ ៣.៧០២នាក់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា សកម្មភាពទេសចរណ៍ផ្ទៃក្នុង ចាប់ផ្តើមមានសកម្មភាពជាបណ្តើរៗ ឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ កាលពីទី១៩ ខែសីហា ឆ្នាំ២០២១នេះ បើទោះបីចំនួនភ្ញៀវសរុបនៅមិនទាន់មានចំនួនច្រើននៅឡើយ។

លោកបញ្ជាក់ថា រដ្ឋបាលខេត្តភាគច្រើនបានអនុញ្ញាតឱ្យមានការដំណើរការឡើងវិញសកម្ម ភាពទេសចរណ៍នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ក្រោមការគ្រប់គ្រងប្រកបដោយភាពហ្មត់ចត់ និងប្រយ័ត្នប្រយែង ពិសេសការពង្រឹងការអនុវត្តវិធានការ “៣-កុំ និង ៣-ការពារ” ខណៈដែលរាជធានី-ខេត្តមួយចំនួន នៅបន្តផ្អាកដំណើរការរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានានៅឡើយ។

កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (ហៅកាត់ថា SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន៤ ដែលរួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្រសួងទេសចរណ៍នឹងបន្តពិភាក្សាជាមួយរដ្ឋបាលខេត្តផ្សេងៗទៀត លើការជំរុញចលនាទេសចរណ៍ក្នុងស្រុក ដោយពិនិត្យពិចារណាលើការបើកដំណើរការសកម្មភាពរមណីយដ្ឋាន និងគោលដៅទេសចរណ៍ឡើងវិញ ដោយឈរលើអភិក្រមបុរេសកម្ម ភាពបត់បែន និងជាក់ស្តែងនិយម ពិសេស ដើម្បីត្រៀមក្នុងរដូវភ្ជុំបិណ្ឌដែលជិតមកដល់ និងចូលរួមត្រៀមរៀបចំការបើកទទួលទេសចរអន្តរជាតិឡើងវិញនៅពេលខាងមុខផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img