30 C
Phnom Penh
Tuesday, October 8, 2024

សកម្មភាពដឹកឈើខុសច្បាប់ នៅតែបន្តកើតមានយ៉ាងពេញបន្ទុក ខណៈមន្ត្រីជំនាញមិនមានវិធានការបង្ក្រាប

ស្តាប់អត្ថបទជាសម្លេង

ត្បូងឃ្មុំ៖ មិនថាយប់ ឬថ្ងៃនោះទេ ក្រុមឈ្មួញរកស៊ីដឹកឈើខុសច្បាប់ពីខេត្តក្រចេះ ចូលទៅខេត្តត្បូងឃ្មុំ តាមស្រុកមេមត់ បាននឹងកំពុងកើតមានយ៉ាងពេញបន្ទុក ដោយគ្មានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានទប់ស្កាត់ ឬបង្ក្រាបឡើយ។ ការនេះ ត្រូវបានប្រភពមួយចំនួន រួមទាំងក្រុមអ្នករកស៊ីដឹកឈើខុសច្បាប់ផងដែរ បានបង្ហើបឱ្យដឹងថា ពួកគេបានបង់លុយឱ្យមន្ត្រីគ្រប់ជំនាញរួចអស់ហើយទើបហ៊ានដឹក បើមិនបង់លុយតាមការកំណត់ទេប្រាកដជាមិនអាចដឹកមកបានដោយស្រួលបែបនេះទេ។

សកម្មភាពដឹកឈើទាំងនេះ មួយចំនួនដឹកចូលទៅខេត្តត្បូងឃ្មុំ តាមស្រុកស្នួល ខេត្តក្រចេះ ទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមរយៈរថយន្តសាំយ៉ុង ទាំងយប់ទាំងថ្ងៃ ដោយក្រុមអ្នកដឹកឈើប្រើរថយន្តម្តង០២ ឬ០៣គ្រឿងបើកលឿនៗ បិទផ្លូវមិនឱ្យរថយន្តណាឡើងវ៉ាជែងបានឡើយ។ សកម្មភាពនេះងាយបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។ ជាក់ស្តែងនៅយប់ថ្ងៃទី១៧ ឆ្លងចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ មានរថយន្តដឹកឈើមិនក្រោម ១០គ្រឿងនោះទេ ដែលបើកឆ្លងពីស្រុកស្នួល ខេត្តក្រចេះ ចូលទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមិនមានសមត្ថកិច្ចណាឃាត់ ឬសួរនាំនោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ដែលសុំមិនបញ្ចេញឈ្មោះ បានទទួលស្គាល់ថា ពិតជាមានសកម្មភាពដឹកឈើខុសច្បាប់ចូលខេត្តត្បូងឃ្មុំប្រាកដមែន ហើយសកម្មភាពទាំងនោះ ភាគច្រើនកើតឡើងនៅពេលយប់ ដោយក្រុមឈ្មួញប្រើរថយន្តសាំយ៉ុងបើកលឿនៗ។ បើមានមន្ត្រីជំនាញស្ទាក់ឃាត់ម្តងៗពួកគេមិនឈប់នោះទេ ហើយពេលខ្លះបើកបុករថយន្តសមត្ថកិច្ចថែមទៀតផង។ សកម្មភាពនេះ បើទប់ស្កាត់ទាល់តែមានកិច្ចសហការពីគណៈបញ្ជាការឯកភាពស្រុក ឬខេត្ត បើប្រើតែកម្លាំងរដ្ឋបាលព្រៃឈើគឺ មិនអាចទប់ស្កាត់បាន ១០០ភាគរយនោះទេ។

ជុំវិញករណីនេះ លោក បែន បុល្លីណា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ធ្លាប់ប្រាប់ Puthi News ឱ្យដឹងថា កម្លាំងរបស់លោកបានចាត់វិធានការទប់ស្កាត់ជាបន្តបន្ទាប់ ដោយសុំកិច្ចសហការពីកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ តែក្រុមឈ្មួញមួយចំនួននៅតែបន្តលួចដឹក។ យ៉ាងណាលោកបញ្ជាក់ថា នឹងចាត់វិធានការបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឱ្យបានជុំវិញសកម្មភាពខាងដឹកឈើនេះ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានបញ្ជាក់ថា សកម្មភាពដឹកឈើខុសច្បាប់នេះ បើចង់ទប់ស្កាត់មិនពិបាកនោះទេ ព្រោះក្រុមអ្នករកស៊ីដឹកឈើខុសច្បាប់ ត្រូវបានគេស្គាល់យ៉ាងច្បាស់ មានដូចជា ម៉ែអាស្រូច, ទាហ៊ានឈ្មោះ យោ, ឈ្មោះប្រុស, ឈ្មោះ ថុល, ឈ្មោះ ហុក, ឈ្មោះ ឌី, ឈ្មោះ ភ្លុក, ឈ្មោះ មីនា ជាដើម។ តែការមិនបង្ក្រាបនេះពលរដ្ឋសង្ស័យថា មន្ត្រីជំនាញពាក់ព័ន្ធអាចទទួលបានផលប្រយោជន៍ពីសកម្មភាពនេះ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img