30 C
Phnom Penh
Monday, December 9, 2024

សកម្មភាពដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែនកម្ពុជា-វៀតណាម នៅតែបន្តធម្មតា និងពលរដ្ឋនៅតែហាមចេញចូលដាច់ខាត

ស្តាប់អត្ថបទជាសម្លេង

ត្បូងឃ្មុំ៖ គិតមកទល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរខត្តត្បូងឃ្មុំ នៅតែបន្តការរឹតបន្តឹងនៅតាមច្រកព្រំដែនជាមួយប្រទេសវៀតណាមទាំងអស់យ៉ាងតឹងតែងនៅឡើយ ដោយហាមដាច់ខាតការធ្វើដំណើរឆ្លងកាត់របស់ប្រជាជនប្រទេសទាំង២ តែអនុញ្ញាតឱ្យធ្វើចរាចរដឹកជញ្ជូនទំនិញជាធម្មតា ដោយគ្រាន់តែតម្រូវឱ្យផ្លាស់ប្តូរអ្នកបើកបរនៅចំណុចសូន្យ និងបាញ់ថ្នាំសម្លាប់មេរោគទាំងរថយន្ត និងអ្នកបើកបរ។

លោក ផាន់ គឹមសន ប្រធានច្រកព្រំដែនអន្តរជាតិត្រពាំងផ្លុង បានឱ្យដឹងថា សព្វថ្ងៃសម្រាប់ការធ្វើចរាចរណ៍ទំនិញនៅតែអនុវត្តជាធម្មតា ដោយទាំងខាងកម្ពុជា និងវៀតណាម នៅតែបន្តអនុវត្តការផ្លាសប្តូរអ្នកបើកបរ និងក្បាលរថយន្ត នៅចំណុចសូន្យ ជាមួយនឹងការបាញ់អាល់កុលមុនផ្លាស់ប្តូរគ្នា។ ការធ្វើដូចនេះក្រោយមានបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ខាងមន្ត្រីមានសមត្ថកិច្ច បានដាក់កម្លាំង ២៤ម៉ោងលើ២៤ម៉ោង ដើម្បីយាមកាម ក្នុងនោះខាងវៀតណាមក៏ដាក់កម្លាំងទប់ស្កាត់ដូចគ្នាដែរ។ សម្រាប់ខាងភាគីកម្ពុជា មិនសូវមានទំនិញ ឬកសិផលដឹកចូលទៅប្រទេសវៀតណាមនោះទេ តែខាងវៀតណាមវិញ ហាក់មានសកម្មភាពច្រើនជាង និងជាធម្មតា។

ជាមួយគ្នានោះ លោក ម៉ួន សុភាព ប្រធានច្រកព្រំដែនទ្វេរភាគីដា ក៏បានឱ្យដឹងថា ចំពោះការចរាចរណ៍ទំនិញ នៅតែបន្តនាំចេញនាំចូលជាធម្មតា ទាំងខាងកម្ពុជា និងវៀតណាម តែតម្រូវឱ្យអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល នៃប្រទេសទាំង២ ដោយផ្លាស់ប្តូរអ្នកបើកបររថយន្តនៅចំណុចសូន្យ ជាមួយការបាញ់ថ្នាំសម្លាប់មេរោគលើរថយន្ត និងបាញ់អាល់កុលជាប្រចាំមុនធ្វើការផ្លាសប្តូរគ្នា។ ការនេះក្រោយមានបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ខាងមន្ត្រីមានសមត្ថកិច្ចបានដាក់កម្លាំង២៤ម៉ោង លើ ២៤ម៉ោង ដើម្បីយាមកាម ទប់ស្កាត់ ការលួចឆ្លងដែនរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំង២ ក្នុងវិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលមិនទាន់មានការធូរស្រាលនៅឡើយ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img