ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ វេទិកាសង្គមស៊ីវិល (វ.ស.ស.) បានដឹកនាំក្រុមការងារ ធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ជុំទី៣ ដែល បានដំណើរការ ទៅ យ៉ាងជោគជ័យនៅទូទាំង ២៥រាជធានី-ខេត្ត ក្នុងនោះ រាជធានីភ្នំពេញ ជា គោលដៅ ចុង ក្រោយ នៃបេសកកម្ម របស់ខ្លួន ដែលទើបតែបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី២ ខែតុលា ឆ្នាំ ២០២១។
យុទ្ធនាការដ៏មានសារសំខាន់នេះ ដោយ មានការសហការពី កងសង្គ្រោះ បន្ទាន់ ៧១១ នៃកងពលតូចលេខ៧០ វ.ស.ស. បានចុះធ្វើ យុទ្ធនាការ បាញ់ ថ្នាំ សម្លាប់មេរោគនៅតាមបណ្តាខេត្តទាំង២៤ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ មកម៉្លេះ។ សម្រាប់រាជធានីភ្នំពេញ ជាគោលដៅចុងក្រោយដែលក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ ដែលទើប បញ្ចប់ ការបាញ់ថ្នាំនៅតាមផ្សាររដ្ឋទាំង ២៥ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ នេះជាលើកទី៣ហើយ ដែល វ.ស.ស. បានធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅទូទាំងប្រទេស។ ជាលទ្ធផល វ.ស.ស. បានបាញ់ថ្នាំសម្លាប់ មេរោគ នៅទីតាំង សរុប ចំនួន ២២៤ទីតាំង គិត ជាផ្ទៃក្រឡាស្មើ ប្រមាណ ៣លាន ម៉ែត្រការ៉េ។ ទីតាំងដែល បាន បាញ់ថ្នាំ សម្លាប់មេរោគភាគច្រើន ជាទីតាំងមណ្ឌល ចត្តា ឡីស័ក មណ្ឌលព្យាបាល ជំងឺកូវីដ-១៩ កម្រិតស្រាល ផ្សារ សាលារៀន មន្ទីរពេទ្យ និងទីកន្លែង សាធារណៈផ្សេង ទៀត ដែលសុទ្ធតែជាទីតាំង ដែលមានហានិភ័យខ្ពស់ ដែល អាចកើត មានការឆ្លងជំងឺ កូវីដ-១៩ និង សម្រេច បាននូវ លទ្ធផលគួរជាទីមោទនៈ ដែលបានចូលរួមចំណែក យ៉ាង សំខាន់ ក្នុង ការបង្ការ ជំងឺកូវីដ-១៩ នៅក្នុង សហគមន៍ ជាពិសេសក្នុងឱកាសមុនបុណ្យភ្ជុំបិណ្ឌ។
ទន្ទឹមនឹងយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនេះ វ.ស.ស. ក៏បានរៀបចំ ពិធីសំណេះសំណាល ជាមួយ អង្គការ សង្គម ស៊ីវិល នៅតាមបណ្តា ខេត្តចំនួន២៣ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ និងបាននាំនូវការសួរសុខ ទុក្ខពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដល់ អង្គការសង្គម ស៊ីវិល នៅ តាម ខេត្តនីមួយៗ ក្នុង ពេល ដែលកម្ពុជា បាននិងកំពុង ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំង បាន នាំ យក នូវសម្ភារប្រេីប្រាស់ ចាំបាច់ មួយ ចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ចែកជូន តំណាង អង្គការ សង្គម ស៊ីវិល រួមមាន ម៉ាស់ពេទ្យ ម៉ាស់ ក្រណាត់ អាល់កុលសម្លាប់មេរោគ កំប៉ុងបាញ់ អាល់ កុល ឧបករណ៍ តេស្ត រហ័ស និង ថ្នាំចិន Lianhua Qingwen។ ដោយឡែក ចំពោះខេត្តសៀមរាប និងរាជធានីភ្នំពេញ វ.ស.ស. នឹងរៀបចំ ពិធីសំណេះ សំណាល នេះ នៅពេលក្រោយ បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្បើយ។
សូមបញ្ជាក់ថា វ.ស.ស. ជាអង្គភាពសម្របសម្រួលការងារសង្គមស៊ីវិលនៅកម្ពុជា តែងបានកៀរគរនូវជំនួយ សប្បុរសធម៌ និង មនុស្សធម៌នានា តាមរយៈដៃគូសង្គមស៊ីវិលទាំងជាតិ និងទាំងអន្តរជាតិ ក្នុងការចូលរួមលើកកម្ពស់ ជីវភាព រស់នៅ និងបំពេញនូវតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ក្នុងស្មារតី ចូលរួម យ៉ាងសកម្មជាមួយ រាជរដ្ឋា ភិបាល កម្ពុជា ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕
អត្ថបទ និងរូបភាពដោយ៖ Puthinews