ប្រទេសជប៉ុន ឥឡូវនេះ អាចផ្តល់បរិក្ខារ និងបច្ចេកវិទ្យាយោធាទៅឲ្យប្រទេសវៀតណាម នៅក្រោមកិច្ចព្រមព្រៀងមួយដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃសៅរ៍ នៅពេលដែលប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធារបស់ពួកគេ ក្នុងគ្រាដែលមានការព្រួយបារម្ភអំពីឥទ្ធិពលរបស់យោធាចិនដែលកំពុងកេីនឡេីង។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ណូប៊ូអុ គីស៊ី (Nobuo Kishi) បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងជំរុញភាពជាដៃគូយោធារបស់ប្រទេសទាំងពីរឲ្យដល់ «កម្រិតថ្មីមួយ»។ ជប៉ុន និងវៀតណាមមានផែនការបង្កើនទំនាក់ទំនងយោធាឲ្យកាន់តែស៊ីជម្រៅឡើងតាមរយៈសមយុទ្ធយោធាពហុជាតិរួមគ្នា និងមធ្យោបាយដទៃទៀត។
ក្រសួងការពារជាតិជប៉ុនបានបញ្ជាក់ថា សេចក្តីលម្អិតអំពីការផ្ទេរបរិក្ខារជាក់លាក់នានាដែលរួមមានទាំងនាវាចម្បាំងផង នឹងត្រូវដាក់ចេញក្នុងកិច្ចពិភាក្សាជាបន្តបន្ទាប់ទៀត។
ជាមួយគ្នានោះ ក្រសួងការពារជាតិជប៉ុនក៏បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិជប៉ុន និងសមភាគីវៀតណាមបានយល់ស្របអំពីសារសំខាន់នៃការរក្សាសេរីភាពនាវាចរណ៍ និងការហោះហេីរឆ្លងកាត់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ព្រមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងផ្នែកផ្សេងៗនៃវិស័យយោធា រាប់ទាំងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។
គួរកត់សម្គាល់ថា ជំនួបរវាងរដ្ឋមន្ត្រីការពារជាតិជប៉ុន និងសមភាគីវៀតណាមនៅក្នុងរដ្ឋធានីហាណូយ បានធ្វេីឡេីងជួនគ្នានឹងដំណើរទស្សនកិច្ច ២ថ្ងៃ របស់ប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) នៅក្នុងប្រទេសវៀតណាមផងដែរ។
លោក វ៉ាង បានបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមជាមួយនឹងការសន្យាជួយវ៉ាក់សាំងកូវីដ-១៩ ចំនួន ៣លានដូសទៀតដល់វៀតណាម៕
អត្ថបទ និងរូបភាពដោយះ Puthi News