30 C
Phnom Penh
Saturday, July 27, 2024

វត្ថុបុរាណខ្មែរចំនួន ២៨រូប នឹងត្រូវបញ្ជូនមកកម្ពុជាវិញពីអ្នកកាន់កាប់សមុច្ច័យឯកជននៅសហរដ្ឋអាមេរិក

ភ្នំពេញ៖​ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានដំណើរការក្ដីក្នុងតុលាការ ពាក់ព័ន្ធនឹងវត្ថុបុរាណខ្មែរចំនួន​ ២៨រូប ដែលបានរឹបអូសពីអ្នកកាន់កាប់សមុច្ច័យឯកជន។

វត្ថុបុរាណទាំងនោះមានជាអាទិ៍ រូបចម្លាក់ព្រះគណេស ដែលគេជឿជាក់ថា​ មានប្រភពមកពីប្រាសាទបាក់ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ផ្អែកតាមសាក្សីបានបញ្ជាក់ថា រូបចម្លាក់នេះត្រូវបានលួចយកចេញ ពីប្រាសាទអស់រយៈពេលប្រមាណពីរទសវត្សរ៍មកហើយ។ ក្នុងឆ្នាំ២០២១ អង្គការសម្ព័ន្ធភាពបុរាណវត្ថុ (Antiquities Coalition) បានចាត់ទុកបដិមាព្រះគណេសនេះ ជារូបចម្លាក់ដ៏ប្រណិតមួយដែលពិភពលោកចង់បានបំផុតក្នុងចំណោមវត្ថុទាំង១០ ដែលត្រូវបានគេលួច។

លោកស្រី​ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ បានលេីកឡេីងថា រូបចម្លាក់ព្រះគណេសនេះគឺជាគំរូដ៏ល្អឯកមួយទៀតរបស់បុព្វបុរសខ្មែរយើង។ ព្រះគណេស គឺជាទេពហិណ្ឌូដែលមានព្រះសិរជាសត្វដំរី និងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយអំពីឬទ្ធិអំណាចរបស់ព្រះ អង្គ ជាទេពនៃចំណេះដឹង និងកំចាត់ឧបសគ្គ ហើយការវិលត្រឡប់មកមាតុប្រទេសវិញគឺ​ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។ ក្រៅពីនេះក៏មានវត្ថុបុរាណដទៃទៀត​ ដូចជា ព្រះពុទ្ធបដិមាធ្វើពីថ្មភក់ សតវត្សរ៍ទី៧-៨, បដិមា ព្រះវិស្ណុ ធ្វើពីថ្មភក់ សតវត្សទី១០ និងបដិមាព្រះនាងលក្ស្មី ធ្វើពីសំរិទ្ធ សតវត្សទី១០។ ការបញ្ជូនត្រឡប់មកវិញនេះ បញ្ជាក់ពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរក និងនាំយកមកវិញនូវព្រលឹងរបស់បុព្វបុរសខ្មែរ ដែលបានចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំក្នុងអំឡុងសម័យសង្គ្រាម។

លោកស្រីបានបញ្ជាក់ថា ជាសេចក្តីរំភើបរីករាយដែលអ្នកកាន់កាប់សមុច្ច័យកម្ពុជាឯកជន បានយល់ព្រមផ្តល់កិច្ចសហការជាមួយអាជ្ញាធរសហរដ្ឋអាមេរិក ក្នុងការបញ្ជូនមកវិញនូវសមុច្ច័យដ៏សំខាន់​ នៃរូបចម្លាក់ខ្មែរដែលបានទិញពីអ្នកកាន់កាប់​ និងជួញដូរវត្ថុបុរាណ គឺលោក Douglas Latchford។ ការប្រគល់មកវិញនូវសមុច្ច័យនេះ​ ជាគំរូមួយ ហើយលោកស្រីជំរុញលើកទឹកចិត្តដល់អ្នកដែលកំពុងកាន់កាប់សមុច្ច័យឯកជនដទៃទៀត សារមន្ទីរនានា សូមទាក់ទងមកដើម្បីពិភាក្សាអំពីការប្រគល់មកប្រទេសកំណើតវិញ។ លោកស្រីរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងអរគុណដល់អ្នកពាក់ព័ន្ធនានាក្នុងការនាំយកមកវិញនូវសមុច្ច័យដ៏មានតម្លៃទាំងនេះ។

ក្រៅពីនេះលោកស្រីក៏បានអរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក, ការិយាល័យសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងអាជ្ញាធរពាក់ព័ន្ធនានាទាំងនៅក្នុង និងនៅក្រៅប្រទេស ជាពិសេសស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ និងក្រុមការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕
អត្ថបទ និងរូបភាពដោយPuthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img