ភ្នំពេញៈ លោក អាំង សុភា ចៅក្រមសាលាដំបូងខេត្តកំពត បានរងការចោទប្រកាន់ថា បានឃុបឃិតជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនក្នុងនោះមានដូចជាមន្ត្រីជលផល បានចាក់ដីរំលោភចូលព្រែកកោងកាងស្ថិតនៅភូមិទួលស្រង៉ាំ ឃុំអង្កោ ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ប៉ុន្តែលោកអាំង សុភា បានបដិសេធថា ដីនោះមិនមែនជាដីរបស់លោកនោះទេ។

មន្ត្រីនៅសាលាស្រុកដំណាក់ចង្អើរបានប្រាប់ថា លោកអាំ សុភា ចៅក្រមសាលាដំបូងខេត្តកំពត បានប្រើឥទ្ធិពលអំណាចរបស់ខ្លួន ឃុបឃិតជាមួយមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន បានចាក់ដីរំលោភចូលមាត់ព្រែកកោងកាងដែលមានទំហំជិត ២ហិកតា ដោយមានឈ្មោះ ស៊ីន ធូ ជាអ្នកមើលការខុសត្រូវចាត់ចែងការងារនេះ។ ហើយកន្លងមកខាងសាលាស្រុកដំណាក់ចង្អើក៏បានចុះទៅហាមឃាត់ចំនួនពីរលើករួចមកហើយដែរ ប៉ុន្តែលោកអាំ សុភា មិនព្រមស្តាប់តាមការណែនាំនោះទេដោយនៅតែបន្តសកម្មភាពដដែល។

ចំណែកលោកស្រី គីម ចន្នី អភិបាលស្រុកដំណាក់ចង្អើបានថ្លែងប្រាប់កាលពីល្ងាចថ្ងៃទី២៣ ខែតុលា នេះថា ពាក់ព័ន្ធរឿងនេះ គឺខាងជំនាញជលផលជាអ្នកធ្វើការងារនេះ ហើយខាងលោកស្រីគ្រាន់តែចូលរួមនាពេលកន្លងមក គឺបានឃាត់គ្រឿងចក្រ។ “ប៉ុន្តែគាត់ (លោកអាំង សុភា) ចាក់នឹងក៏មានដីគាត់ត្រឹមត្រូវនៅក្នុងនឹងដែរ ហើយកាលពួកខ្ញុំចុះទៅដំបូងថា តើការចាក់ដីនឹងវាចូលទៅក្នុងដីរដ្ឋប៉ុន្មាននោះទេ? ពីព្រោះនៅក្នុងផែនទីជលផល ព្រៃកោងកាងនឹងគឺគ្រប់គ្រងដោយខាងជលផល ហើយពួកខ្ញុំចុះទៅគ្រាន់តែចុចយកនិយាមកាលដើម្បីយកមកផ្ទៀងផ្ទាត់តើវាចូលទំហំប៉ុណ្ណា មិនចូលប៉ុណ្ណា ដើម្បីមានមូលដ្ឋានណែនាំទៅម្ចាស់ដីអ្នកចាក់។ ហើយការងារបន្ត គឺខាងជលផលជាធ្វើការងារនេះ”។

អភិបាលស្រុកដំណាក់ចង្អើរបានបញ្ជាក់ថា “ដីខាងលោកជាដីរបស់លោកអាំង សុភា ប៉ុន្តែរឿងចាក់ចូលដីរដ្ឋប៉ុន្មាន មិនចូលប៉ុន្មានខ្ញុំអត់ដឹងទេ ពីព្រោះទិន្នន័យនៅខាងជលផល”។
រីឯលោកអាំង សុភា ចៅក្រមសាលាដំបូងខេត្តកំពតបានបដិសេធថា ដីនោះមិនមែនជាដីរបស់លោកទេ អ្នកចោទចេះតែ ចោទ។
លោកអាំង សុភា បានបញ្ជាក់ប្រាប់កាលពីល្ងាចថ្ងៃទី២៣ ខែតុលា នេះថា “មិនមែនជាដីកម្មសិទ្ធិរបស់ខ្ញុំទេ ចោទចេះតែ ចោទទៅ”។
ទាក់ទងករណីនេះ លោក ចក់ ស៊ីនាថ នាយផ្នែកជលផលកែប មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល៕

អត្ថបទ នឹង រូបភាព Puthinews
Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន