30 C
Phnom Penh
Saturday, July 27, 2024

លោក ហ្សេលេនស្គី ប្តេជ្ញាថា អ៊ុយក្រែននឹងប្រយុទ្ធតតាំងក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី រហូតដល់ទទួលបានជ័យជម្នះ

(កៀវ)៖ ក្នុងការថ្លែងសារនាឱកាសចូលឆ្នាំសកល២០២៣ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ បាននិយាយថា អ៊ុយក្រែននឹងបន្តតស៊ូប្រយុទ្ធប្រឆាំងជាមួយ ការឈ្លានពានរបស់រុស្ស៉ីរហូតទាល់តែខ្លួនទទួលបានជ័យជម្នះ ខណៈសង្រ្គាមនេះនឹងឈានដល់រយៈពេល១ឆ្នាំ នៅខែកុម្ភៈខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ​ ទី១ ខែមករា ឆ្នាំ២០២៣។

ក្នុងសារខាងលើ លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «យើងប្រយុទ្ធហើយនឹងបន្តប្រយុទ្ធ ដើម្បីពាក្យដ៏សំខាន់ នោះគឺពាក្យជ័យជម្នះ»។ លោក ហ្សេលេនស្គី បានបន្តថា ប្រជាជនអ៊ុយក្រែនគ្រប់រូបសុទ្ធតែជាធាតុដ៏ចាំបាច់ នៃកម្លាំងការពារជាតិរបស់អ៊ុយក្រែន គឺមិនមែនតែកងទ័ព​នោះទេ។ លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានបន្ថែមទៀតថា «យើងប្រយុទ្ធជាធ្លុងតែមួយ ពោលគឺប្រទេសទាំងមូលនិងគ្រប់តំបន់ទាំងអស់។ ដូច្នេះហើយខ្ញុំសូមស្ងើចសរសើរនិងអរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់»។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃសៅរ៍មុនពេលចូលឆ្នាំថ្មី កងកម្លាំងរបស់រុស្ស៉ីបានបាញ់ស្រោចមីស៉ីលយ៉ាងហោច ២០គ្រាប់ ទៅលើអ៊ុយក្រែន ខណៈនៅថ្ងៃអាទិត្យនេះ រដ្ឋធានីកៀវរបស់អ៊ុយក្រែន​ ក៏ដូចជាទីក្រុងមួយចំនួនទៀត ក៏បានបន្តរងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី ផងដែរ។ មកទល់ឥឡូវសង្រ្គាមបានអូសបន្លាយចូលដល់ខែទី១១ហើយ ចាប់តាំងពីវាបានផ្ទុះឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ និងពុំមាន​សញ្ញាថានឹងអាចបញ្ចប់ទៅវិញ ក្នុងពេលឆាប់ៗនោះទេ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img