30 C
Phnom Penh
Saturday, July 27, 2024

លោក ហ៊ុយ សេង ស្មៀនឃុំព្រះស្រែ ស្រុកឧដុង្គតុលាការខេត្តកំពង់ស្ពឺ នឹងត្រូវបានតុលាកាបើកសវនាការកាត់ទោស  នៅថ្ងៃស្អែក

កំពង់ស្ពឺ៖ យោងតាមលិខិតចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា តុលាការនឹងបើកសវនាការកាត់ទោសជនជាប់ចោទឈ្មោះ ហ៊ុយ សេង ភេទប្រុស អាយុ ៤១ឆ្នាំ ជាមន្ត្រីស្មៀនឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅម៉ោង ២រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ។

ការកាត់ទោសជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាស្មៀនឃុំដែលសំបូររឿងអាស្រូវ  និងជាមន្ត្រីចរិតអួតក្អេងក្អាងដាក់ពលរដ្ឋ  ធ្វើឡើងបន្ទាប់ពីជនជាប់ចោទរូបនេះ ប្ដឹងទាស់នឹងសាលក្រមកំបាំងមុខរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានផ្តន្ទាទោសដាក់គុកជនជាប់ចោទរយៈពេល ៦ខែ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ តាមបណ្ដឹងរបស់ជនរងគ្រោះជាពលរដ្ឋ ពីបទ បរិហារបង្កាច់កេរ្តិ៍។

សូមរម្លឹកថា តុលាការខេត្តកំពង់ស្ពឺ បានបើកសវនាការកាត់ទោស ជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែជនជាប់ចោទឈ្មោះ ហ៊ុយ សេង ពុំបានចូលខ្លួនទាំងនីតិវិធីសវនាការ និងការស្ដាប់ការប្រកាសសាលក្រម។

គួរជម្រាបជូនថា ជនជាប់ចោទ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ នៃស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានតុលាការចោទប្រកាន់ពីបទ បរិហារបង្កាច់កេរ្ដិ៍ យោងតាមមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។
កាលពីពេលកន្លងទៅ តុលាការខេត្តកំពង់ស្ពឺ តាមរយៈក្រសួងយុត្តិធម៌ បានផ្ញើលិខិតជូនដំណឹង ស្ដីពីការចោទប្រកាន់លើជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ ស្រុកឧដុង្ក ខេត្តកំពង់ស្ពឺ ទៅជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជ្រាប អំពីនីតិវិធីរបស់តុលាការចំពោះមន្ត្រីមុខងារសាធារណៈ នៃក្រសួងមហាផ្ទៃរូបនេះ ដែលកំពុងត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ។ នេះបើយោងតាមប្រភពច្បាស់ការពីក្រសួងយុត្តិធម៌។

លិខិតជូនដំណឹង ដែលតុលាការខេត្តកំពង់ស្ពឺ បានគោរពជូន សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងដោយអនុលោមតាមច្បាប់ស្ដីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យតុលាការជូនដំណឹងដល់អង្គភាពសាមី នៃជនជាប់ចោទ ដើម្បីឲ្យមានការដាក់ពិន័យរដ្ឋបាល ឬដកតំណែង ជនជាប់ចោទជាបណ្ដោះអាសន្នទុកជូនតុលាការសម្រេចសេចក្ដីទៅតាមនីតិវិធី។

យោងតាមមាត្រា៥២ នៃច្បាប់ស្ដីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា អ្នករាជការណាដែលកំពុងជាប់ការចោទប្រកាន់ទៅតុលាការជំនុំជម្រះ អាចត្រូវផ្អាកពីមុខងារសិន ក្នុងករណីចាំបាច់។

ជនជាប់ចោទឈ្មោះ ហ៊ុយ សេង ដែលធ្លាប់ប្រកាសអួតប្រាប់ពលរដ្ឋក្នុងស្រុកភូមិថា ខ្លួនជាអ្នកមានលុយរាប់មិនអស់ (ដោយប្រើពាក្យថា៖ អញ! មានលុយចាយមិនអស់! ចង់ទិញឡានប៉ុន្មានគ្រឿងក៏បាន! ចង់ឲ្យក្មេងឈូសលេងក៏មិនអស់ដែរ!…) មានរឿងអាស្រូវធ្វើបាបរាស្ត្រជាមួយមេឈ្មួញរកស៊ីដីមិនចេះចប់ និងធ្លាប់ប្ដឹង ,គំរាមប្រជាជនណាដែលហ៊ានចេញមុខការពារដីរដ្ឋ ,ដីរួម និងជួយប្រជាជនរងគ្រោះព្រោះឈ្មួញលួចដីយកទៅលក់នោះ ត្រូវបានពលរដ្ឋរងគ្រោះប្ដឹងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ បរិហារបង្កាច់កេរ្តិ៍ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ដើម្បីឲ្យតុលាការជួយរកយុត្តិធម៌។

ជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាស្មៀនឃុំព្រះស្រែ ដែលសំបូររឿងអាស្រូវរូបនេះ ក៏ធ្លាប់ត្រូវពលរដ្ឋប្ដឹងទៅកាន់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរកាលពីអំឡុងឆ្នាំ២០១៧ ពាក់ព័ន្ធករណី ធ្វើរបងបេតុង និងចាក់ដីរំលោភយកដីអូរសាធារណៈ។

ប៉ុន្ដែរហូតមកដល់ពេលនេះ ពុំទាន់ឃើញមានអាជ្ញាធរជំនាញថ្នាក់លើណា ហ៊ានឲ្យមន្ត្រីស្មៀនដែលមានលុយរាប់មិនអស់រូបនេះ វាយរបងបេតុងនោះចេញនៅឡើយទេ គឺបានត្រឹមតែចុះពិនិត្យ និងធ្វើកំណត់ហេតុជូនថ្នាក់លើថាពិតជាមានការរំលោភយកដីអូរប្រាកដមែន។ ជាមួយគ្នានោះ ក៏ពុំមានឃើញមន្ត្រីថ្នាក់លើណាហ៊ានដាក់ពិន័យរដ្ឋបាលចំពោះមហាសេដ្ឋីស្មៀនរូបនេះឡើយ។

ប្រជាពលរដ្ឋ សង្ឃឹមថា សម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ នឹងចាត់វិធានការអនុវត្តអភិក្រមទី៥ ដែលបានដាក់ចេញដោយសម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី លើមន្ត្រីឈ្មោះ ហ៊ុយ សេង ឲ្យសមតាមកំហុសជាច្រើនកន្លងទៅ កុំឲ្យមន្ត្រីផ្សេងៗយកគំរូតាម ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់ពួកគាត់៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img