30 C
Phnom Penh
Saturday, July 27, 2024

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បញ្ជាក់ថា យើងត្រូវចេះរស់ជាមួយនឹងជំងឺកូវីដ-១៩

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ អភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តបាត់ដំបង លោក សុខ លូ បានបញ្ជាក់ថា រហូតមកដល់នឹងពេលនេះ យើងត្រូវចេះរស់ជាមួយនឹងជំងឺកូវីដ-១៩ហើយ ខណៈដែលស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដោយឡែកខេត្តបាត់ដំបង ត្រូវបានចាត់ទុកថា ជាបញ្ហាអាទិភាពដ៏ស្រួចស្រាវ សម្រាប់យើងទាំងអស់គ្នាធ្វើការទប់ស្កាត់កុំឱ្យឆ្លងរាលដាលបន្តទៅមុខទៀត ។

ការបញ្ជាក់នេះធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដោយលោកអភិបាលខេត្តបាត់ដំបង ក្នុងពេលដែលគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីពង្រឹងប្រសិទ្ធិភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យបានជោគជ័យ ដើម្បីកម្ពុជាបានធ្វើការបើកប្រទេស និងបើកសេដ្ឋកិច្ចជាតិឡើងវិញនាពេលខាងមុខនេះ ។

លោក សុខ លូ បានបញ្ជាក់ថា មកដល់ពេលនេះ យើងត្រូវតែរៀនរស់ជាមួយបរិបទថ្មី គឺត្រូវរៀនរស់ជាមួយកូវីដ-១៩ ដោយអនុវត្តរបៀបរស់នៅតាមគន្លងបែបថ្មី អនុត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបឱកាសនៃការបើកសាលារៀន និងដំណើរសេដ្ឋកិច្ចអាចប្រព្រឹត្តទៅបាន បើយើងមិនអាចរៀនរស់បែបគន្លងថ្មីនេះទេ ឱកាសនៃការដំណើរការសេដ្ឋកិច្ចក្នុងខេត្តក៏ពិបាកកើតឡើង ដែលបណ្ដាលឱ្យប៉ះពាល់ការប្រកបមុខរបរប្រជាពលរដ្ឋ ដោយក្នុងនោះ លោក ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានពិនិត្យមើលតំបន់ និងមើលលទ្ធភាពដែលអាចបើកដំណើរការបាន ដោយត្រូវបើកជាជំហ៊ានៗ និងប្រកបដោយទំនួលខុសត្រូវខ្ពស់ ។

លោក ក៏បានធ្វើការណែនាំដល់ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ពិនិត្យមើលដល់មន្រ្ដីក្រោមឱវាទទាំងអស់ ដែលមានអាកប្បកិរិយាមិនសមរម្យ ត្រូវតែធ្វើការណែនាំជាបន្ទាន់ ព្រោះក្នុងនាមជាមន្រ្ដីរាជការ ត្រូវមានអត្តចរឹកសមរម្យដ៏គួរឱ្យគោរព និងត្រូវបម្រើដ៏ស្មោះចំពោះប្រជាពលរដ្ឋ ត្រូវបំពេញភាពពេញចិត្តដល់ពួកគាត់ មិនត្រូវមានអត្តចរឹកក្អេងក្អាង ឬមិនសមរម្យអ្វីឡើយដែលធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាក់ថ្នាំង ។

ឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា រហូតមកដល់នឹងពេលនេះ ខេត្តបាត់ដំបង មានអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន១៧០០នាក់ អ្នកឆ្លងសរុបមានចំនួន១២,៥០០នាក់ ជាសះស្បើយចំនួន១០,៨០០នាក់ ។ ចំពោះការធ្វើចត្តាឡីស័ក ពីមុនដាក់ទាំងសហគមន៍២០កុម្ភៈ ទាំងពលករមកពីថៃ តែបច្ចុប្បន្ននេះអ្នកធ្វើចត្តាឡីស័កមិនមានអ្នកពាក់ព័ន្ធនឹងសហគមន៍២០កុម្ភៈទៀតទេ គឺមានតែពលករមកពីប្រទេសថៃប៉ុណ្ណោះ ។ លោកបានបន្តទៀតថា គិតត្រឹមថ្ងៃនេះនៅសល់១១០០នាក់ ក្នុងនោះអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទ Delta ទាំងសហគមន៍២០កុម្ភៈ ទាំងពលករមកពីថៃ សរុបទាំងអស់មានចំនួន៣៨១ករណី កំពុងសម្រាកព្យាបាលចំនួន១៦៦នាក់ ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img