30 C
Phnom Penh
Saturday, July 27, 2024

លោក លី សុខន នាយប៉ុស្តិ៍រដ្ឋ បាលនគរបាលគ្រញូងសែនជ័យស្រុកស្នួល ខេត្តក្រចេះញ្ជាឲ្យភាគីបង្កគ្រោះថ្នាក់បើករថយន្តចេញដោយបានបង្គាប់ថា “បើនរណាឃាត់បុកវាទៅ”

ខេត្តក្រចេះ៖ វីដេអូច្រើនឃ្លីបបានបង្ហាញអំពីសកម្មភាពបែបទំនើង របស់មន្ត្រីអនុវត្តច្បាប់ចំណុះ ឲ្យអធិការដ្ឋាននគរបាលស្រុកស្នួល ចេញមុខកាងបទល្មើសគ្រោះថ្នាក់ចរាចរណ៍ដោយបញ្ជាឲ្យអ្នកបើកបររថយន្ត បង្កគ្រោះ ថ្នាក់ ចេញពីទីកើតហេតុជាមួយនឹងពាក្យបង្គាប់ថា បើនរណាពាំងផ្លូវបុកវាទៅ។

គួរឱ្យដឹងផងដែរថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោងជាង១០យប់ ថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២៣ នៅចំណុចហាងខារ៉ាអូខេមួយកន្លែងនៃទីប្រជុំជនតំបន់ការបី ស្ថិតក្នុងស្រុកស្នួលខេត្តក្រចេះ ។ បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនមានសភាពធ្ងន់ធ្ងរប៉ះពាលើដល់អាយុជីវិតក៏ដោយ ប៉ុន្តែក្នុង នាមជាអ្នកអនុវត្តច្បាប់លោក លី សុខន នាយប៉ុស្តិ៍រដ្ឋ បាលនគរបាលគ្រញូងសែនជ័យស្រុកស្នួល ខេត្តក្រចេះ បានបញ្ជាឲ្យភាគីបង្កគ្រោះថ្នាក់បើករថយន្តចេញដោយបានបង្គាប់ថា “បើនរណាឃាត់បុកវាទៅ”។ ប្រសាសន៍របស់លោកនាយប៉ុស្តិ៍បានបង្ហាញអំពីអំណាចដ៏មហាសាល ធ្ងន់យ៉ាងខ្លាំងនៅក្នុងទឹកដីគ្រញូងសែនជ័យ។

នៅពេលកើតហេតុភ្លាមៗ ភាគីជនបង្ក និងជនរងគ្រោះបានជជែកពិភាក្សា ដោយព្រមព្រៀងគ្នាយករថយន្តដែលខូចខាតទៅជួសជុល។ ភាគីបង្កបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខត្បូងឃ្មុំ2A-0885 បានបើកបុករថយន្ត camry មួយគ្រឿងដែលឈប់ចតនៅក្នុងហាងខារ៉ាអូខេមួយកន្លែង។ ភាគីជនបង្កបានរកកិច្ចអន្តរាគមន៍ពី លោក លី សុខន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យ បើទោះបីជាបានព្រមព្រៀងជាមួយភាគីជនរងគ្រោះយករថយន្តទៅជួសជុលនោះហើយក៏ដោយ។

បន្តិចក្រោយមកគេឃើញលោកលី សុខន នាយប៉ុស្តិ៍គ្រញូងសែនជ័យជិះរថយន្តហាយលេនឌ័រ ពាក់ស្លាកលេខ 2AS-0918 មកដល់ទីតាំងកើតហេតុ ដោយមិន បានសួរនាំរកខុសត្រូវអ្វីទេ គឺបានស្រែកបញ្ជាឲ្យអ្នក បើកបររថយន្តបង្កហេតុ បើករថយន្តចេញពីកន្លែងកើតនហេតុជាមួយនឹងការផ្ដាំថា “បើអ្នកណាឃាត់ ឬពាំងបុកវាទៅ”។ បន្ទាប់មកអ្នកបើកបររថយន្តបង្កហេតុ ក៏បានបើករថយន្តចាកចេញពីទីកើតហេតុ ហើយលោក លីសុខន នាយប៉ុស្តិ៍ដ៏ខ្លាំងមហិមាក៏បានបើករថយន្តចេញ ទៅជាមួយនឹងការស្រែករកយុត្តិធម៌ពីអ្នកធ្វើការនៅហាងខារ៉ាអូខេមួយកន្លែងនោះ។

ករណីនេះបង្ហាញឲ្យឃើញថាលោក លី សុខន ក្នុងនាមជានាយប៉ុស្តិ៍រដ្ឋបាលគ្រញូងសែនជ័យបានប្រើអំណាចធំធេងហួសមាឌ ដោយមិនគិតខ្វល់អំពីច្បាប់ទម្លាប់ស្រុកទេសអ្វីឡើយ។ នៅក្នុងប្រទេសកម្ពុជាទំនងមានតែលោកនាយប៉ុស្តិ៍រដ្ឋបាលគ្រញូងសែនជ័យម្នាក់នេះទេដែលប្រើអំណាចទាំងងងើលបំពានច្បាប់ ដោយមិនចាំបាច់ឲ្យប្រជាពលរដ្ឋដោះស្រាយគ្នាតាមច្បាប់នោះ។ នេះឋានៈលោកត្រឹមតែជានាយប៉ុស្តិ៍ ចុះបើធំជាងនេះទៀតមុខជាត្រូវយកច្បាប់មកទ្រាប់គូទអង្គុយនិងជាន់ ឈ្លីយ៉ាងណាទៅ?

ករណីនេះក៏មានសំណួរផងដែរចំពោះលោក គីមអធិការនគរបាលស្រុកស្នួល ជាពិសេស លោកអ៊ូ សុបញ្ញាស្នងការនគរបាលខេត្តក្រចេះ គួរមានវិធានការដែរឬទេចំពោះមន្ត្រីនគរបាលបែបនេះ? ឬមួយវាជាទម្លាប់របស់នគរបាលនៅខេត្តក្រចេះ ដែលតែងតែចេញអន្តរាគមន៍បំពានច្បាប់ប្រទេសយ៉ាងដូច្នេះ? គេសង្ឃឹមថា លោកអ៊ូសុបញ្ញា នឹងសួរនាំ ពិនិត្យពិច្ច័យរឿងនេះឡើងវិញ។ហើយអង្គភាពយើងនឹងបន្តតាមដានទៀតថា តើរឿងនេះចប់ដោយវិធីណា?៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img