30 C
Phnom Penh
Tuesday, October 8, 2024

លោក ចូ បៃដិន នឹងទទួលការត្រួតពិនិត្យសុខភាព មុនការរំពឹងឈរឈ្មោះជាថ្មីនៅឆ្នាំ២០២៤

(វ៉ាស៊ីនតោន)៖ លោក ចូ បៃដិន នឹងបញ្ចប់ការត្រួតពិនិត្យសុខភាពជាប្រចាំនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដែលជាការត្រូតពិនិត្យដ៏សំខាន់មួយសម្រាប់ ប្រធានាធិបតីចាស់ជាងគេបំផុតរូបនេះរបស់សហរដ្ឋអាមេរិក ចំពោះមុខការរំពឹងជាច្រើនថាលោកអាចនឹងប្រកាសចូលរួមនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

សេតវិមានបានសន្យាថានឹងបញ្ចេញរបាយការណ៍ត្រួតពិនិត្យសុខភាពរបស់លោក ចូ បៃដិន ដូចដែលធ្លាប់បានធ្វើកាលពីឆ្នាំ២០២១។ បើទោះជាប្រិយភាពរបស់លោកមានការថយចុះ នៅក្នុងការស្ទង់មតិជាច្រើននាពេលកន្លងមកក៏ដោយ ក៏លោក បៃដិន មានអាយុ៨០ឆ្នាំ នៅតែបង្ហាញពីចេតនាចង់ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ សាជាថ្មី ខណៈលោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការរួចហើយពីការចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០២៤។ «ខ្ញុំយល់ថាវាគឺជាឆន្ទៈរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំមិនទាន់សម្រេចចិត្ត ជាផ្លូវការនៅឡើយទេ»។ នេះជាការលើកឡើងរបស់លោក បៃដិន នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ PBS កាលពីថ្ងៃទី៨ ខែកុម្ភៈ។

គួរបញ្ជាក់ថា ការធ្វើត្រួតពិនិត្យសុខភាពរបស់លោក ចូ បៃដិន ត្រូវបានធ្វើឡើងលើកចុងក្រោយបំផុតកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ជាពេលដែលលោកបានឆ្លងកាត់ ការត្រួតពិនិត្យសុខភាពពេញលេញ ក្នុងនោះរួមមានទាំងការត្រួតពិនិត្យផ្នែកខាងក្នុងពោះវៀន ក្រោមការប្រើថ្នាំសន្លប់ផងដែរ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img