30 C
Phnom Penh
Saturday, July 27, 2024

លោក គីម ជុងអ៊ុន អំពាវនាវឲ្យមានការធ្វើឲ្យប្រសើរឡើងដល់ការរស់នៅរបស់ពលរដ្ឋក្នុងគ្រាដែលមានសេដ្ឋកិច្ចមិនល្អ

ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យក្រុមមន្ត្រីរបស់លោកផ្តោតសំខាន់ទៅលើការធ្វើឲ្យស្ថានភាពរស់នៅរបស់ពលរដ្ឋមានភាពល្អប្រសើរឡើងក្នុងពេលដែលកំពុងប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់។

លោក គីម បានលើកឡើងបែបនេះនៅក្នុងអំឡុងពេលប្រារព្ធខួបលើកទី៧៦នៃការបង្កើតគណបក្សពលករកូរ៉េ។

ការសម្តែងសិល្បៈ និងការបាញ់កាំជ្រួញត្រូវបានធ្វើឡើងនៅក្នុងទីក្រុងព្យុងយ៉ាង ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំដែលគេតែងតែឃើញត្រូវបានរៀបចំឡើងនៅក្នុងឱកាសបែបនេះឡើយ។

សេដ្ឋកិច្ចរបស់កូរ៉េខាងជើងត្រូវបានញាំញីដោយការដាក់ទណ្ឌកម្មជាច្រើនឆ្នាំមកហើយជុំវិញកម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់គេ ហើយភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ក៏បានជះឥទ្ធិពលដ៏អាក្រក់ផងដែរ។

លោក គីម បាននិយាយក្នុងសុន្ទរកថាដែលផ្តោតសំខាន់ទៅលើបញ្ហាគណបក្សថា កូរ៉េខាងជើងបានប្រឈមមុខនឹង «ភារកិច្ចធំនៅក្នុងការកែប្រែនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិ» និងសម្រេចគោលដៅសេដ្ឋកិច្ចដែលត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំគណបក្សនិងរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ។

លោកបានបន្ថែមថា «មធ្យោបាយតែមួយគត់នៅក្នុងការបន្តជំរុញការងារដ៏សំខាន់មិនធ្លាប់មានពីមុនមកនេះគឺគណបក្សទាំងមូលត្រូវរួបរួមគ្នា។»

លោក គីម បាននិយាយថា មន្ត្រីមិនគួរចង់បានផលប្រយោជន៍ឡើយ ហើយ «គួរតែគិតគូរជានិច្ចថាតើការងាររបស់ពួកគេប៉ះពាល់ដល់ផលប្រយោជន៍របស់ពលរដ្ឋ ឬបង្កបញ្ហាដល់ពលរដ្ឋដែរឬទេ» ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយក្នុងរបាយការណ៍ដែលទីភ្នាក់ងារព័ត៌មាន Reuters បានឃើញកាលពីសប្តាហ៍មុនថា កូរ៉េខាងជើងស្ថិតក្នុងហានិភ័យនៃគ្រោះទុរ្ភិក្សបន្ទាប់ពីគេបានកាត់ផ្តាច់ខ្លួនឯងពីពិភពខាងក្រៅក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗអាចប្រែក្លាយទៅជាវិបត្តិ៕
អត្ថបទ និងរូបភាពដោយ៖Puthi News

អានបន្ត

spot_img