30 C
Phnom Penh
Sunday, October 6, 2024

លោកឧបនាយករដ្ឋមន្ត្រី៖ ការចូលរួមចំណែករបស់កម្ពុជាជួយមីយ៉ានម៉ា គឺដើរស្របគ្នា និងព្រមព្រៀងជាឯកឆន្ទ៥ ចំណុច របស់មេដឹកនាំអាស៊ាន

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេស ដើម្បីកៀរគរជំនួយមនុស្សធម៌ ដល់សាធារណរដ្ឋសហភាពមីយ៉ានម៉ា តាមប្រព័ន្ធវីដេអូ និងដោយយោងតាមការសម្រេចចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី។ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រមុខការទូតកម្ពុជា បានសរសេរលើផេកហ្វេសប៊ុក ថា “ខ្ញុំបានជម្រាបអង្គសន្និសីទថា កម្ពុជាផ្តល់វិភាគទានចំនួន១០ ម៉ឺនដុល្លារអាមេរិក តាមរយៈមជ្ឈមណ្ឌលអាស៊ាន សម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ រួមទាំងបរិច្ចាគជាសាច់ប្រាក់ចំនួន២០ ម៉ឺនដុល្លារអាមេរិក និងឧបករណ៍វេជ្ជសាស្រ្តមួយចំនួនបន្ថែមទៀត ជូនដល់មីយ៉ានម៉ា ដើម្បីជួយគាំទ្រក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩”។

លោក ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ លើសពីនេះ កាកបាទក្រហមកម្ពុជាក៏បានសម្រេចចិត្តផ្តល់ថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ជូនសមាគមកាកបាទក្រហមមីយ៉ាន់ម៉ាផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ ការចូលរួមចំណែករបស់កម្ពុជា គឺដើរស្របគ្នាជាមួយការព្រមព្រៀងជាឯកឆន្ទ៥ចំណុច របស់មេដឹកនាំអាស៊ាន និងជានិមិត្តរូបនៃស្មារតីមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ ក៏ដូចជារវាងប្រទេសសមាជិកអាស៊ានដែរ។

សូមបញ្ជាក់ថា កម្ពុជា បាននាំយកជំនួយរបស់រាជរដ្ឋាភិបាល ទៅប្រគល់ជូនមីយ៉ាន់ម៉ាដោយផ្ទាល់ នូវសម្ភារបរិក្ខាពេទ្យ និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជាសរុបចំនួន៣០ម៉ឺនដុល្លារ បានដឹកទៅកាន់មីយ៉ាម៉ានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។ ក្រៅតែពីថវិកា សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីបរិក្ខារដែលឧត្ថម្ភទៅប្រទេសមីយ៉ាន់ម៉ា រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័សចំនួន ៥០០,០០០ សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០ឈុត ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន១០០គ្រឿង ម៉ាស៊ីនជំនួយដកដង្ហើមចំនួន២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន២០គ្រឿង។

ប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅលេខរៀងទី៥ ក្នុងប្រទេសសមាជិកអាស៊ាន ដែលការរីករាលដាលជំងឺកូវីដ-១៩ខ្លាំង។ ក្នុងរយៈពេលចុងក្រោយនេះ មេរោគបំប្លែងថ្មីដែលតា (Delta) កំពុងវាយលុកយ៉ាងខ្លាំង ក្លានៅក្នុងប្រទេសមួយនេះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសលើពិភពលោកផងដែរ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img