30 C
Phnom Penh
Saturday, July 27, 2024

លោកស៊ុយ សែម ជំរុញឱ្យកសិករពង្រីកការដាំបន្លែ ចិញ្ចឹមសត្វ និងចិញ្ចឹមត្រីលក់ដោះស្រាយជីវភាពគ្រួសារ

ស្តាប់អត្ថបទជាសម្លេង

ពោធិ៍សាត់៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ លោក ស៊ុយ សែម រួមនិងក្រុមការងាររាជករដ្ឋាភិបាល បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដាំបន្លែសុវត្ថិភាព ដែលប្រើប្រាស់ស្រះទឹករបស់លោក និងលោកស្រី ជីកឱ្យ នៅឃុំមេទឹក និងជួបជាមួយកសិករឃុំបឹងខ្នារ និងឃុំត្រពាំងជងស្រុកបាកាន។ 

ក្នុងឱកាសនោះលោក ស៊ុយ សែម បាននាំមកនូវការនឹករឭក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្ដេចមានការព្រួយបារម្ភ និងគិតគូរពីជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានកោតសរសើរដល់កសិករក្នុងសហគមន៍ភូមិតាមុម ដែលចេះគ្រប់គ្រង និងទាញយកផលប្រយោជន៍ពីទឹកស្រះ មកប្រើប្រាស់ដាំបន្លែ និងដំណាំផ្សេងៗ។ 

លោករដ្ឋមន្ត្រី បានជម្រុញឱ្យបងប្អូនប្រជាកសិករ ពង្រីកការដាំបន្លែ ចិញ្ចឹមសត្វនិងចិញ្ចឹមត្រីឱ្យបានច្រើន ដើម្បីលក់ដោះស្រាយជីវភាព។

លោកបានបន្តថា នៅឆ្នាំ២០២២ ខាងមុខនេះ នឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងបោះឆ្នោតសភាជាតិ ដូច្នេះសូមបងប្អូនគិតពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តគូសសន្លឹកឆ្នោត ព្រោះវាមិនមែនជារឿងថ្មីសម្រាប់បងប្អូននោះទេ។ បើបងប្អូនជ្រើសរើសត្រូវ បងប្អូនបានសុខហើយប្រទេសជាតិកាន់តែរីកចម្រើនថែមទៀត។ 

លោក ស៊ុយ សែម បានសំណូមពរឱ្យបងប្អូន បញ្ជូនកូនចៅ ក្មួយៗ ដែលមានអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីការពារជំងឺកូវីដ-១៩ តាមការកំណត់របស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីក៏បានចែកជូនថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ប្រភេទស្រាលដល់បងប្អូនប្រជាពលរដ្ឋចូលរួមម្នាក់ៗ ចំនួន៣ប្រអប់។

លោកស៊ុយ សែម និងក្រុមការងារក៏បានបន្តដំណើរចុះទៅសួរសុខទុក្ខ ព្រមទាំងនាំយកថ្នាំពេទ្យនិងថវិកាទៅឧបត្ថម្ភដល់បងប្អូនកូនក្មួយ  ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងមួយផ្ទះ ទទួលបានថ្នាំពេទ្យសម្រាប់ព្យាបាល និងថវិកាចំនួន១០ម៉ឺនរៀល នៅឃុំបឹងខ្នារ និងឃុំត្រពាំងជងស្រុកបាកាន។

លោក បានផ្តាំផ្ញើសូមឱ្យបងប្អូនកូនក្មួយដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះក្នុងរយ:ពេល១៤ថ្ងៃនោះ ត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការណែនាំរបស់លោកមេភូមិ មេឃុំ និងវិធានសុខាភិបាល៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img