ស្តាប់អត្ថបទជាសម្លេង
រតនគិរី៖ លោកតា លោកយាយអាយុ១០០ឆ្នាំឡើង ចំនួន៣នាក់បន្ថែមទៀតហើយ នៅស្រុកវើនសៃ និងស្រុកអូរជុំ ខេត្ដរតនគិរី ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីពួកគាត់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាំយកទៅប្រគល់ជូនដល់ក្នុងងផ្ទះរបស់ពួកគាត់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ។ ក្នុងការប្រគល់អំណោយរបស់សម្ដេចតេជោ ក្នុងអាកាសនោះក៏មានការចូលរួមពី លោក ថង សាវុន អភិបាលខេត្តរតនគិរី និងមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានផងដែរ។
លោកតា និងលោកយាយ អាយុ១០០ឆ្នាំឡើង ដែលទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន មានឈ្មោះ
ទី១ លោកយាយឈ្មោះ ហ្វឿយ ផាន់ អាយុ១០៥ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិបាក់កែ ឃុំវើនសៃ ស្រុកវើនសៃ,
ទី២ លោកយាយឈ្មោះ ទៀង យ៉ល អាយុ១០២ឆ្នាំ រស់នៅឃុំចាអ៊ុង ស្រុកអូរជុំ និង ទី៣ លោកតាឈ្មោះ កាយិន តាម៉ង អាយុ១០៤ឆ្នាំ ជនជាតិដើមភាគតិចក្រឹង រស់នៅភូមិចាអ៊ុងចាន់ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។
ជាមួយគ្នានោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនពួកគាត់ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាព ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងមូលហេតុអ្វីដែលជំរុញឲ្យពួកគាត់ ទៅទទួលយកនូវការចាក់វ៉ាក់សាំង។
លោកតា លោកយាយទាំង៣នាក់ ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News