30 C
Phnom Penh
Saturday, July 27, 2024

លោកបណ្ឌិត សំ ពិសិដ្ឋ ដឹកនាំមហាជនដាំដើមឈើ ដើម្បីការពារបរិស្ថាន និងសម្អាតខ្យល់កខ្វក់ ក្នុងស្រុកចំការលើ

កំពង់ចាម៖ លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ ខេត្តកំពង់ចាម នៅពេលសម្រាកចុងសប្តាហ៍ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីរាជការ សមាជិកអង្គការសង្គមស៊ីវិលប្រជាពលរដ្ឋ ព្រះសង្ឃ និងសិស្សានុសិស្ស រាប់រយអង្គ-នាក់ ដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកបណ្ឌិតអភិបាលស្រុកបានបញ្ជាក់ថា ដើមឈើត្រូវដាំនាព្រឹកនេះ គឺជាប្រភេទឈើប្រណីតមានឈ្មោះដូចជាគ្រញូង និងបេង សរុបជាង២០០ដើម ដោយដាំជួសបន្ដែមនៅចណុចទំនប់អូរទរ ក្នុងភូមិត្រពាំងឫស្សី ឃុំជយោ ស្រុកចំការលើ ដែលកាលពីឆ្នាំមុនលោកបានដឹកនាំដាំម្តងរួចមកហើយនូវដើមឈើជិត៧០០ដើម ប៉ុន្តែបានងាប់ខ្លះដោយសារឆ្នាំនេះអាកាសធាតុក្តៅខ្លាំងពេក។

លោកបានមានប្រសាសន៍ជម្រាបប្រាប់អ្នកចូលរួមថា  «ថ្ងៃនេះយើងដាំដើមឈើ ដើម្បីសម្អាតបរិស្ថាន បង្កើតខ្យល់បរិសុទ្ធស្រួលដកដង្ហើម និងមានអារម្មណ៍ស្រស់ថ្លា។ កាលមុន នៅទីនេះមានដើមឈើច្រើនណាស់ ប៉ុន្តែឥឡូវអស់ហើយ ដូច្នេះត្រូវដាំឡើងវិញ។ ថ្ងៃនេះយើងស្រលាញ់ដើមឈើ និងស្រលាញ់ភាពស្រស់បំព្រងនៃភូមិយើង»។

មុននឹងចាប់ផ្តើមដាំដើមឈើ លោកបណ្ឌិតបានអនុញ្ញាតឲ្យសិស្សសាលាវ័យក្មេងបញ្ចេញយោបល់អំពីអត្ថប្រយោជន៍នៃដើមឈើក្នុងមុខងារការពារបរិស្ថាន និងសម្អាតខ្យល់បំពុលក្នុងបរិយាកាស ហើយយុវសិស្សមា្នក់បានឆ្លើយជម្រាបលោកថា ដើមឈើជួយធ្វើឲ្យបរិស្ថានស្អាត ផ្តល់ម្លប់ត្រជាក់ និងកាត់បន្ថយសារធាតុបំពុលក្នុងខ្យល់។

ស្របនឹងការស្ងើចសរសើរចំពោះការយល់ដឹងរបស់នាង លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលស្រុកចំការលើ ក៏បានមានប្រសាសន៍ណែនាំដល់សិស្សានុសិស្ស និងអ្នកស្ម័ក្រចិត្តចូលរួមដាំដើមឈើថា កាលពីឆ្នាំមុនសិស្សសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ស្ពឺ ជាច្រើននាក់បានជួបបញ្ហាដួលសន្លល់ដោយសារបរិស្ថានមិនល្អ ឫខ្យល់មានជាតិពុលធ្វើឲ្យពិបាកដង្ហើម ដូច្នេះដើមឈើមានសារសំខាន់ណាស់ ក្នុងលាងសម្អាតខ្យល់បំពុលក្នុងបរិយាកាស។

លោកបានលើកឧទាហ៍ជាក់ស្តែងមកប្រាប់សិស្សសាលាទាំងនេះថា «ឆ្នាំមុនមានក្មួយសិស្សសាលាម្នាក់បានដួលសន្លប់ ដោយសារបរិយាកាសមិនល្អ ដែលអាចបណ្តាលមកពីការដុតកាកសំណល់ផ្លាស្ទិកនៅក្បែរផ្ទះនាំឲ្យមានផ្សែងខ្យល់ពុល។ ដូច្នេះដើមឈើជួយកាត់បន្ថយសារធាតុបំពុលក្នុងខ្យល់»។

ជាកិច្ចបញ្ចប់នៃការណែនាំអំពីអត្ថប្រយោជន៍ដើមឈើ និងជាកិច្ចចាប់ផ្តើមដាក់កូនឈើចូលរណ្តៅ រួចស្រោចទឹក លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះរួមគ្នាការពារថែទាំដើមឈើ ដែលបានដាំកន្លងមក និងដាំនៅពេលនេះ ឲ្យបានលូតលាស់ល្អ ដើម្បីការពារបរិស្ថាន និងបង្កើនគម្រមព្រៃឈើ ក្នុងស្រុកចម្ការលើ ខេត្តកំពង់ចាម៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img