ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល គ្រូជំនួយបង្ហាត់វិជ្ជាសង្គ្រោះបឋម នៃកាកបាទក្រហមកម្ពុជា និងធ្វើលំហាត់អនុវត្តន៍ដើម្បីចូលរួមទិវាពិភពលោកសង្គ្រោះបឋម ក្រោមប្រធានបទ “ ធ្វើជាវីរជនសង្គ្រោះបឋមនៅក្នុងសាលា និងនៅក្នុងសហគមន៍របស់អ្នក “ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាក្នុងរាជធានីភ្នំពេញ នាថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានលើកឡើងពីប្រវត្តិនៃការកើតមាននូវវិជ្ជាសង្គ្រោះបឋម ព្រមទាំងបានបញ្ជាក់ពីសារៈសំខាន់ នៃវិជ្ជាសង្គ្រោះបឋម ដែលជាវិជ្ជាសម្រាប់ជួយអ្នករបួសក្នុងឧបទ្ទេវហេតុឬគ្រោះថ្នាក់ និងជំងឺផ្សេងៗ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ឬមុនពេលគ្រូពេទ្យមកដល់ សរុបមកវិជ្ជាសង្គ្រោះបឋមមានន័យនិងសារៈសំខាន់ណាស់សម្រាប់ជីវិតពីយើងម្នាក់ទៅម្នាក់ ក្នុងការជួយអ្នកគ្រោះថ្នាក់ចរាចរណ៍ អ្នកខ្យល់គរ និងអ្នកជួបបញ្ហាផ្សេងៗទៀតបានទាន់ពេលវេលា ដោយបន្ថយភាពឈឺចាប់និងជួយសង្គ្រោះជីវិតជនរងគ្រោះដែលមានសភាពធ្ងន់ធ្ងរឱ្យរួចផុតពីសេចក្តីស្លាប់ក្នុងរយះពេលខ្លី និងការពារជនរងគ្រោះកុំឱ្យគ្រោះថ្នាក់បន្ថែម និងជួយសម្រួលដល់ក្រុមគ្រូពេទ្យងាយព្យាបាល។ លោកជំទាវបន្តថា ៖ ដូច្នេះការបើកវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ គឺជាបន្ថែមនូវចំណេះដឹងថ្មីៗ ដល់សិក្ខាកាមពិសេសជាការអនុវត្តតាមប្រសាសន៍ណែនាំ និងទិសដៅរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតែងតែបានយកចិត្តទុកដាក់និងជំរុញឱ្យកាកបាទក្រហមកម្ពុជាខិតខំពង្រឹងនិងពង្រីកនូវជំនាញវិជ្ជាសង្គ្រោះបឋមនេះឱ្យបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
សូមបញ្ចាក់ថា ៖ វគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយកាកបាទក្រហមកម្ពុជានៅពេលនេះមានរយះពេល០២ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១ នឹងមានសិក្ខាកាមចូលរួមចំនួន២៥នាក់ ។ វគ្គនេះធ្វើឡើងក្នុងគោលបំណង ៖
– ដើម្បីបណ្តុះបណ្តាលគ្រូជំនួយបន្ថែមទៀតនៅថ្នាក់កណ្តាលនូវជំនាញ ចំណេះដឹងថ្មីៗក្នុងការផ្តល់ចំណេះដឹងអំពីវិជ្ជាសង្គ្រោះបឋមក្នុងដំណាក់កាលកូវីដ-១៩ ។
– ដើម្បីពិនិត្យមើលបច្ចេកទេស ការជួយសង្គ្រោះបឋមដល់ជនរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពត្រឹមត្រូវតាមបច្ចេកទេសស្របតាមបច្ចុប្បន្នភាពការរាតត្បាតមេរោគកូវីដ-១៩នៅតែបន្តជាសកល។
– ការបើកវគ្គនេះមានសារៈសំខាន់ខ្លាំងណាស់អាចពិនិត្យមើលសមត្ថភាពគ្រូបង្ហាត់ ដើម្បីបង្រៀនបន្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំស្តីពីគោលការណ៍ប្រតិបត្តិស្តង់ដារសម្រាប់ការលើកម្ពស់សុខភាព និងសុវត្ថិភាពសិក្សាក្នុងការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ។
– ដើម្បីផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមក្នុងក្នុងដំណាក់កាលកូវីដ-១៩ ស្របតាមខ្លឹមសាររបស់សហព័ន្ធកាកបាទក្រហមអន្តរជាតិ IFRC បានប្រារព្ធទិវាពិភពលោកសង្គ្រោះបឋម នៅសប្តាហ៍ទី២ នៃខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ “ ធ្វើជាវីរជនសង្គ្រោះបឋមនៅក្នុងសាលា និងនៅក្នុងសហគមន៍របស់អ្នក “ ដើម្បីពង្រឹងពង្រីកចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់សហគមន៍ ស្របតាមគោលការណ៍នៃ “ សង្គ្រោះបឋមជាមូលដ្ឋាន ” ក្នុងការអភិឌ្ឍន៍សេវាកម្មមនុស្សធម៌សម្រាប់មនុស្សជាតិ ។
អត្ថបទ និងរូបភាពដោយ៖ Puthi News