ស្តាប់អត្ថបទជាសម្លេង
ត្បូងឃ្មុំ៖ រោងចក្រកិនជ័រកៅស៊ូ ១កន្លែង ក្នុងភូមិទួលជ័យ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានបង្ហូរទឹកស្អុយធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ និងបានអំពាវនាវដល់អាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធឱ្យជួយអន្តរាគមន៍នៅក្នុងករណីនេះ បើទោះជាអាជ្ញាធរស្រុក ក៏ដូចជាមន្ទីរបរិស្ថាន ធ្លាប់បានចុះធ្វើការណែនាំឱ្យខាងរោងចក្រអនុវត្តតាមបទដ្ឋានបច្ចេកទេស កុំឱ្យមានក្លិនស្អុយដល់ប្រជាពលរដ្ឋម្តងរួចម្តងមកហើយក៏ដោយ។
តំណាងប្រជាពលរដ្ឋនៅភូមិទួលជ័យ សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា រោងចក្រកិនជ័រកៅស៊ូ១កន្លែងនេះ បានដំណើរការជាយូរមកហើយ ដោយបានបង្ហូរទឹកស្អុយធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង។ បើនៅរដូវវស្សាវិញ ទឹកស្អុយបានហូរចេញតាមប្រឡាយជុំវិញនោះ បានជះក្លិនស្អុយមិនត្រឹមតែប្រជាពលរដ្ឋក្នុងភូមិទួលជ័យ១ប៉ុណ្ណោះទេ មានភូមិជិតៗនោះក៏ទទួលរងផលប៉ះពាល់ពីក្លិនស្អុយដូចពួកគាត់ដែរ។
ពាក់ព័ន្ធករណីនេះ លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឱ្យដឹងថា កន្លងមកលោកបានចុះពិនិត្យ និងបានឱ្យខាងរោងចក្រត្រូវធ្វើយ៉ាងណារកវិធីបំបាត់ក្លិនស្អុយ និងទប់ស្កាត់កុំឱ្យហូរចេញទៅខាងក្រៅ ប៉ះពាល់ដល់អ្នកភូមិបន្តទៀត ហើយខាងរោងចក្រក៏បានសន្យាថា នឹងមិនបង្ហូរទឹកស្អុយធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទៀតនោះទេ។ តែបើនៅតែមានក្លិនស្អុយទៀតនោះ ក្រុមការងារនឹងចុះទៅពិនិត្យម្តងទៀត។
ជាមួយគ្នានោះ លោក នី សុធី ប្រធានមន្ទីរបរិស្ថាន បានលើកឡើងថា លោកនឹងចាត់ឱ្យមន្ត្រីជំនាញចុះទៅពិនិយ្យមើលករណីនេះ ហើយបើពិត្យទៅពិតជាបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋមែននោះ ខាងលោកនឹងហៅខាងរោងចក្រធ្វើការណែនាំ ធ្វើយ៉ាងណាកុំបង្ហូរទឹកស្អុយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋបន្តទៀត។
តែយ៉ាងណាក៏ដោយ ពាក់ព័ន្ធករណីនេះ ខាងតំណាងរោងចក្រសុំមិនបញ្ចេញឈ្មោះ បានអះអាងថា បន្ទាប់ពីមានការតវ៉ារបស់ប្រជាពលរដ្ឋ និងការអន្តរាគមន៍ណែនាំពីខាងអាជ្ញាធរស្រុក ក៏ដូចជាមន្ទីរជំនាញ ខាងរោងចក្ររបស់លោក បានបាញ់ថ្មាំបំបាត់ក្លិនស្អុយជាប្រចាំ និងបានបិទទំនប់មិនឱ្យទឹកហូរចេញក្រៅទៀតនោះទេប៉ុន្មានថ្ងៃចុងក្រោយនេះ។
សូមបញ្ជាក់ថា បើតាមការអះអាងរបស់ប្រជាពលរដ្ឋ ក្រៅពីភូមិទួលជ័យ នៅមានភូមិមួយចំនួទៀតដែលរងផលប៉ះពាល់ដូចជា ភូមិទួលពោធិ ភូមិប្រធាតុ និងភូមិអណ្តោត ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ក៏រងផលប៉ះពាល់ដោយសារក្លិនស្អុយនេះផងដែរ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News