26 C
Phnom Penh
Saturday, July 27, 2024

រូបិយប័ណ្ណរបស់អាហ្វហ្គានីស្ថានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងគ្រាដែលកំពុងមានភាពចលាចល

ស្តាប់អត្ថបទជាសម្លេង

ក្រុមអាជីវករប្តូរប្រាក់នៅក្នុងទីក្រុងខ្វេតា (Quetta) ភាគនិរតីនៃប្រទេសប៉ាគីស្ថានបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេត្រូវខាតប្រាក់យ៉ាងច្រើនដោយសារការធ្លាក់ចុះនៃរូបិយប័ណ្ណរបស់អាហ្វហ្គានីស្ថានបន្ទាប់ពីកើតមានភាពវឹកវរភ្លាមៗនៅអាហ្វហ្គានីស្ថាន។

លោក ចាន់ អាចាហ្សៃ (Jan Achakzai) សមាជិកជាន់ខ្ពស់នៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មនៅក្នុងរដ្ឋធានីនៃខេត្តបាឡូជីស្ថាន (Balochistan) របស់ប្រទេសប៉ាគីស្ថានបាននិយាយថា លោកសង្ឃឹមថា បញ្ហារូបិយប័ណ្ណនិងអាជីវកម្មនឹងត្រូវបានដោះស្រាយនៅពេលដែលក្រុមបះបោរតាលីបង់ប្រកាសពីគោលនយោបាយរបស់ពួកគេ។

រូបិយប័ណ្ណរបស់អាហ្វហ្គានីស្ថានបានធ្លាក់ចុះទាបបំផុតមិនធ្លាប់មានកាលពីថ្ងៃអង្គារស្របពេលដែលមានការខ្វះខាតប្រាក់ដុល្លារអាមេរិក និងបន្ទាប់ពីទេសាភិបាលនៃធនាគារជាតិរត់គេចខ្លួនពីរដ្ឋធានីកាប៊ុលដោយមិនទុកចិត្តលើភាពស្មោះត្រង់របស់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ព្រមទាំងបានស្តីបន្ទោសលោកប្រធានាធិបតី អាស្រាហ្វ ហ្គានី (Ashraf Ghani) និងក្រុមទីប្រឹក្សាគ្មានបទពិសោធន៍របស់លោកដែលអាចឲ្យក្រុមតាលីបង់ដណ្តើមគ្រប់គ្រងប្រទេសបាន។

យោងតាមទិន្នន័យដែលចងក្រងដោយសារព័ត៌មាន ប្ល៊ូមបឺក (Bloomberg) រូបិយប័ណ្ណរបស់អាហ្វហ្គានីស្ថានដែលមានឈ្មោះថា អាហ្វហ្គានី (AFN) បានធ្លាក់ចុះយ៉ាងគំហុករហូតដល់៤.៦%កាលពីថ្ងៃអង្គារ។

ទេសាភិបាលស្តីទីនៃធនាគារជាតិអាហ្វហ្គានីស្ថានលោក អាជម៉ាល់ អាម៉ាឌី (Ajmal Ahmady) បាននិយាយថា ទីផ្សាររូបិយប័ណ្ណរបស់អាហ្វហ្គានីស្ថានកំពុងស្ថិតក្នុងភាពវឹកវរជាពិសេសបន្ទាប់ពីធនាគារជាតិត្រូវបានគេប្រាប់កាលពីថ្ងៃសុក្រថានឹងមិនទទួលលុយដុល្លារអាមេរិកទៀតទេដែលនឹងធ្វើឲ្យតម្លៃរូបិយប័ណ្ណរបស់អាហ្វហ្គានីស្ថានធ្លាក់ចុះយ៉ាងខ្លាំងថែមទៀត៕

ត្ថបទ នឹងរូបភាព​ Puthinews

អានបន្ត

spot_img