ស្តាប់អត្ថបទជាសម្លេង
ប្រទេសរុស្ស៊ីបានបង្អួតយុទ្ធោបករណ៍ថ្មីៗដែលរួមមានទាំងមនុស្សយន្តប្រយុទ្ធ និងយានយន្តចម្បាំងផង នៅថ្ងៃទីពីរនៃការធ្វេីសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្ត កាលពីថ្ងៃសៅរ៍។
សមយុទ្ធយោធានេះដែលមានឈ្មោះថា “ហ្សេផេត-២០២១ (Zapad-2021)” និងដែលនឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនៅលើទឹកដីរុស្ស៊ី និងនៅតំបន់ភាគខាងលិចបេឡារុស រួមទាំងទីតាំងដែលនៅជិតព្រំដែនសហភាពអឺរ៉ុបផងនោះ បានធ្វេីឱ្យប្រទេសអ៊ុយក្រែន និងប្រទេសមួយចំនួននៅក្នុងសម្ព័ន្ធណាតូ (NATO) មានការព្រួយបារម្ភ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានដិសេធថា សមយុទ្ធយោធានេះមិនសំដៅប្រឆាំងនឹងអំណាចបរទេសណាមួយឡើយ និងបាននិយាយថា សមយុទ្ធនេះត្រូវបានធ្វេីឡេីងដោយសារមានការកេីនឡេីងនៃសកម្មភាពយោធារបស់សម្ព័ន្ធណាតូ (NATO) នៅជិតព្រំដែនរុស្ស៊ី និងព្រំដែនសម្ព័ន្ធមិត្តរបស់ខ្លួន។
បណ្ដាប្រទេសជិតខាងរុស្ស៊ីដូចជាអ៊ុយក្រែន និងប្រទេសជាសមាជិកសម្ព័ន្ធណាតូ (NATO) រួមមានប៉ូឡូញ និងលីទុយអានីបានលេីកឡេីងថា សមយុទ្ធយោធាទ្រង់ទ្រាយធំបែបនេះដែលធ្វេីឡេីងនៅជិតព្រំដែនរបស់ពួកគឺអាចក្លាយជាសកម្មភាពបង្កហេតុ។
សមយុទ្ធយោធានេះត្រូវបានធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ប៉ុន្តែសមយុទ្ធនៅឆ្នាំនេះត្រូវបានគេមើលឃើញថាជាសញ្ញាច្បាស់លាស់មួយនៃការគាំទ្ររបស់រុស្ស៊ីចំពោះប្រទេសបេឡារុស និងមេដឹកនាំបេឡារុស លោក អាឡិចសាន់ឌឺ លូកាសេនកូ (Alexander Lukashenko) ដែលត្រូវបានលោកខាងលិចមិនទទួលស្គាល់ដោយសារតែការបង្ក្រាបរបស់គាត់ទៅលេីក្រុមប្រឆាំង៕
អត្ថបទ និងរូបភាពដោយ Puthi News