ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ រយ:ពេល៣ថ្ងៃមកនេះ ពោលគឺ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងដូសទី៣(ដូសជំរុញ) ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ (ខណ្ឌមានជ័យ ដង្កោ កំបូល ពោធិ៍សែនជ័យ ឫស្សីកែវ ទួលគោក និងសែនសុខ ចំនួន ១សង្កាត់ ផងដែរ) បានចំនួន ១៣២,៨៨៩នាក់(ស្ត្រី៧០,៧២៤នាក់)។ នេះបើតាមរបាយការណ៍របស់ក្រុមការងារចាក់វ៉ាក់សាំងការពារកូវីដ-១៩ របស់ក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជានាយកប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះ ដំណើរការបានល្អប្រសើរទៅតាមការគ្រោងទុក មិនមានឧបសគ្គអ្វីច្រើននោះឡើយ។ ប្រជាពលរដ្ឋបានចូលរួមចាក់វ៉ាក់សាំងដូសជំរុញនេះយ៉ាងសស្រាក់សស្រាំ។ ទន្ទឹមនឹងនេះក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ទោះបីរវល់អ្វីក៏ដោយ ត្រូវតែឆ្លៀតទៅចាក់ដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីជាកងការពារសុខភាពកាន់តែប្រសើរពីមេរោគកូវីដ-១៩។
សូមបញ្ជាក់ថា សម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញដោយក្រសួងការពាជាតិនេះ កងទ័ពចាក់តែពលរដ្ឋដែលបានចាក់ដូសទី១ និងទី២ ជាមួយកងទ័ពតែប៉ុណ្ណោះ ហើយមានគម្លាតពីដូសទី២ មករយៈពេលយ៉ាងតិចបំផុត ៤ខែ។ឯកសារដែលតម្រូវសម្រាប់ភ្ជាប់ទៅចាក់ដូសជំរុញទី១ មានបណ្ណចាក់វ៉ាក់សាំង បើមិនទាន់បានបណ្ណ ត្រូវភ្ជាប់ទៅជាមួយលិខិតទម្រង់ចាក់វ៉ាក់សាំងកាលពីដូសទី ១ និងទី២។
សម្រាប់ប្រជាពលរដ្ឋបាត់បណ្ណ ឬបាត់លិខិតទម្រង់ចាក់វ៉ាក់សាំង អាចរាយការណ៍ជូនក្រុមការងារផ្ទាល់នៅទីនោះ ហើយក្រុមការងារនឹងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រព័ន្ធ។ បើរកឃើញមានព័ត៌មាននៅក្នុងប្រព័ន្ធ ក្រុមការងារនឹងចាក់វ៉ាក់សាំងដូសទី៣ជូន និងរៀបចំធ្វើបណ្ណជូនឡើងវិញផងដែរ៕
អត្ថបទ និងរូបភាពដោយ៖Puthinews