31 C
Phnom Penh
Monday, November 11, 2024

រយៈពេល២ថ្ងៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិមកលេងកម្សាន្ត ក្នុងខេត្តបាត់ដំបង ជិត២ម៉ឺននាក់

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុភីនីហ្ស៊ារ៉ា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះ បានប្រាប់ពុទ្ធិញូវ ឱ្យដឹងថា នៅថ្ងៃឈប់សម្រាកទី២ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិបានមកលេងកម្សាន្ត នៅក្នុងខេត្តបាត់ដំបង ក៏ដូចតាមរមណីយដ្ឋាននានា សរុបទាំងអស់ចំនួន ១៩ ១៣៨ នាក់ ខណៈនៅថ្ងៃទី១ ក្នុងថ្ងៃឈប់សម្រាកដូចគ្នានេះដែរ មានចំនួនតែ ៨ ០២០នាក់ប៉ុណ្ណោះ ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានរំលេចឱ្យដឹងថា ចរន្តភ្ញៀវទេសចរនាថ្ងៃភ្ជុំបិណ្ឌនេះមានសន្ទុះខ្លាំង ដោយសារគោលដៅទេសចរណ៍នៅទូទាំងខេត្តបាត់ដំបង បានបើកទទួលស្វាគមន៍ភ្ញៀវទេសចរផ្ទៃក្នុងក្នុងការដើរលេងកម្សាន្ត។

លោក អ៊ុច អ៊ុភីនីហ្ស៊ារ៉ា បានបញ្ជាក់ប្រាប់ថា ម្ចាស់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់តាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដា ជាអប្បបមា (SOP) តាមគន្លងបែបថ្មី និងបានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយតម្រូវឱ្យបុគ្គលិករបស់ខ្លួនពាក់ម៉ាស់ ចាំវាស់កម្តៅភ្ញៀវ បាញ់អាល់កុលជូនភ្ញៀវ និងការរក្សាគម្លាតសុវត្ថិភាព ក្នុងនោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការយល់ដឹងច្រើន និងបានចូលរួមអនុវត្តការពារខ្លួនពីជំងឺកូវីដ១៩ ដោយមានពាក់ម៉ាសនិងមានអាល់កុលផ្ទាល់ខ្លួន សម្រាប់លាងសម្អាតដៃថែមទៀតផង ។

លោកបានបង្ហាញឱ្យដឹងដែរថាពាក់ព័ន្ធនឹងការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធា្នប់ តម្លៃសេវា និងម្ហូបអាហារ និងបរិស្ថានអនាម័យជាដើម ពុំមានបញ្ហាធំដុំចោទឡើងទេក្នុងរយៈពេល២ថ្ងៃនេះ ដោយរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ បានសហការចុះអប់រំណែនាំ និងប្រចាំការនៅតាមទីតាំងសំខាន់ៗទាំងនោះ ។

លោកបានបញ្ជាក់ថា ទន្ទឹមនឹងនោះ នៅមានបញ្ហាប្រឈមខ្លះៗ ដូចជានៅរមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ ស្រុកសំឡូត និងឡូរីជើងភ្នំបាណន់ មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរ បានមកលេងលើសកំណត់អតិបរិមា ប៉ុន្តែត្រូវបានក្រុមការងារធ្វើការណែនាំ និងបញ្ជាកំណកស្ទះទាំងនោះបានទាន់ពេលវេលា ដែលស្ថិតក្រោមកិច្ចសហការពីគណៈបញ្ជាការឯកភាពខេត្ត និងស្រុកគោលដៅទាំងនោះផងដែរ ។

សូមបញ្ជាក់ថា ខេត្តបាត់ដំបង មានរមណីយដ្ឋានទាំងអស់ចំនួន១៣កន្លែង គឺរមណីយដ្ឋាន ប្រាសាទបាណន់ រមណីយដ្ឋាន ភ្នំសំពៅ រមណីយដ្ឋាន ប្រាសាទឯកភ្នំ
រមណីយដ្ឋាន អាងកំពីងពួយ
រមណីយដ្ឋាន ចំការស្វាយឬរមណីយដ្ឋាន ភ្នំចម្បាំង
រមណីយដ្ឋាន ស្ទឹងថ្មដាចំការធុរេន
រមណីយដ្ឋាន ទឹកធ្លាក់៥៣ភ្នំព្រឹក
រមណីយដ្ឋាន នគរជុំភ្នំព្រឹក
រមណីយដ្ឋាន ភ្នំកំពូល
រមណីយដ្ឋាន ចំការធុរេនអូរតង
រមណីយដ្ឋាន វាលចម្បាំងខេមសាយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ និងមណ្ឌលកម្សាន្ត ឡូរីជើងភ្នំបាណន់ ៕


អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img
spot_img