27 C
Phnom Penh
Friday, December 13, 2024

រយៈពេល១សប្តាហ៍ ប្រជាពលរដ្ឋជិត៣ម៉ឺននាក់ ក្នុងខេត្តកំពត បានទទួលវ៉ាក់សាំងដូសទី២

កំពត៖ រយៈពេល១សប្តាហ៍ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី២ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពត ចាប់ពីថ្ងៃទី០៣ ខែសីហា ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ មានពលរដ្ឋចំនួន ២៦.៥៦៤នាក់ (ស្រី ១៥.១៤១នាក់) បានទទួលចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី២ ដែលនេះបង្ហាញឱ្យឃើញពីការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពត។

លោក ស៊ីន ចូវ ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ នៃមន្ទីរសុខាភិបាលខេត្តកំពត បានឱ្យដឹងថា វ៉ាក់សាំងដែលដំណើរការចាក់នៅក្នុងពេលនេះមានបីប្រភេទគឺ ប្រភេទ Sinopharm, Sinovac និងប្រភេទ Janssen (Johnson & Johnson)។ ចំពោះវ៉ាក់សាំងប្រភេទ Janssen (Johnson & Johnson) ត្រូវបានបើកយុទ្ធនាការចាក់ចាប់ពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ លើស្រុកចំនួន០៤ គឺស្រុកឈូក ស្រុកដងទង់ ស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ដែលចំនួនវ៉ាក់សាំងដែលទទួលបានពីក្រសួងសុខាភិបាលចំនួន ២១២.៤៤៦ដូស។

សូមបញ្ជាក់ថា ក្នុងការចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកចំនួន០៣ ដែលកំពុងដំណើរការចាក់វ៉ាក់សាំងប្រភេទ Janssen (Johnson & Johnson) គឺស្រុកឈូក ស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស លោក ជាវ តាយ អភិបាលខេត្តកំពត បានជំរុញដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរស្រុកទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់សហការអនុវត្តការងារដ៏មានសារៈសំខាន់ និងចាំបាច់នេះឱ្យបានល្អប្រសើរ ស្របទៅតាមគោលការណ៍ និងវិធានការសុខាភិបាល ក៏ដូចជាអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន សំដៅធ្វើយ៉ាងណាការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោក ជាវ តាយ ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលវ៉ាក់សាំង ត្រូវបន្តមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងខេត្តកំពត ក៏ដូចជាទូទាំងប្រទេស៕

អត្ថបទ និងរូបភាពដោយ Puthi News

អានបន្ត

spot_img
spot_img