29 C
Phnom Penh
Saturday, November 30, 2024

រយៈពេលមួយសប្តាហ៍មានភ្ញៀវទេសចជាង២ម៉ឺននាក់ បានទៅកម្សាន្តក្នុងខេត្តកំពត

កំពត៖ គិតចាប់ពីថ្ងៃទី១៣ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ខេត្តកំពត ទទួលបានភ្ញៀវទេសចរទៅកម្សាន្តតាមរមណីដ្ឋាននានាក្នុងខេត្តមានចំនួន២២ ៤៣៨នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន២២ ៣២៩នាក់ ភ្ញៀវអន្តរជាតិចំនួន១០៩នាក់។ នេះបើយោងតាមការឱ្យដឹងពីប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។

លោក សយ ស៊ីណុលប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានលើកឡើងថា ការចេញដើរកម្សាន្តនេះ ក្រោយពីប្រជាពលរដ្ឋទូទាំងប្រទេស បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ស្ទើគ្រប់ៗគ្នា ហើយបានយល់ដឹងច្បាស់ពីវិធានសុវត្តិភាព និងរៀនរស់តាមគន្លងថ្មី។ ជាទូទៅនៅតាមរមណីដ្ឋាននានា មានការអនុវត្តតាមវិធានសុវត្តិភាពរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយតម្រូវឱ្យភ្ញៀវទេសចរដែលទៅកម្សាន្តទាំងអស់ ត្រូវវាស់កំដៅ លាងដៃនឹងសាប៊ូ ឬអាល់កុលមុនពេលចូលកម្សាន្ត និងត្រូវរក្សាគម្លាតសុវត្តិភាពជាដើម។

លោកប្រធានមន្ទីរបានបន្ថែមថា ចំពោះភ្ញៀវទេសចរដែលបានទៅសម្រាកកម្សាន្តក្នុងខេត្តកំពត មានការចូលរួមអនុវត្តវិធានសុវត្តិភាពយ៉ាងខ្ជាប់ខ្ចួន ហើយមិនសូវមានការប្រមូលផ្តុំគ្នាច្រើន ដែលអាចបង្ករឱ្យមានហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នោះទេ។ ទន្ទឹមនឹងនេះ ក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្ត បានបែងចែកក្រុមការងារជា ៣ក្រុម ដើម្បីចុះត្រួតពិនិត្យនៅតាមគោលដៅទេសចរណ៍ និងកន្លែងកម្សាន្តនានាក្នុងខេត្ត សំដៅពង្រឹងការអនុវត្តវិធានសុវត្តិភាពទេសចរណ៍ឱ្យបានល្អប្រសើរ ក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img