27 C
Phnom Penh
Sunday, December 15, 2024

រយៈពេលជិត១សប្ដាហ៍ ខេត្តមណ្ឌលគិរីគ្របដណ្ដប់ទៅដោយភ្លៀងរលឹមនិងបរិយាកាសអួអាប់ សីតុណ្ហភាព ២០អង្សា

ស្តាប់អត្ថបទជាសម្លេង

មណ្ឌលគិរី៖ រយៈពេលប្រមាណជិតមួយសប្ដាហ៍មកហើយ ខេត្តមណ្ឌលគិរីបានទទួលរងនូវបរិយាកាសអាប់អួ ដោយក្នុងមួយថ្ងៃៗ មានភ្លៀងធ្លាក់ពីកម្រិតតិចទៅខ្លាំងរៀងរាល់ថ្ងៃ និងថែមទាំងមានធ្លាក់អ័ព្ទនៅតំបន់មួយចំនួនទៀត ប៉ុន្តែទោះយ៉ាងនេះក្ដី សម្ពាធអាកាសធាតុនេះមិនបានធ្វើឱ្យប៉ះពាល់ទៅដល់ផ្នែកណាមួយនៃខេត្តមណ្ឌលគិរីទេ ហើយកម្រិតសីតុណ្ហភាព ក៏មិនទាន់ធ្លាក់ចុះទាបខ្លាំងនោះដែរ។

យើងកត់សម្គាល់ឃើញថា គ្រប់បណ្ដាក្រុង-ស្រុកទាំង០៥ ទទួលរងនូវភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅខ្លាំង តាំងពី វេលាទៀបភ្លឺ ថ្ងៃទី០៨ ខែកញ្ញា និងបានអូសបន្លាយមកដល់ល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ នៅមិនទាន់រាំងនៅឡើយទេ។ បរិយាសកាសបែបនេះផងដែរ ក៏បានធ្វើឱ្យមានភាពចុះត្រជាក់ ព្រមទាំងមានផ្សែងអ័ព្ទគ្រប់ដណ្ដប់តាមតំបន់ជ្រលងភ្នំនានាទូទាំង ខេត្ត ប៉ុន្តែភាពត្រជាក់នៅពុំទាន់ចុះទាបខ្លាំងនោះទេ ដោយពិនិត្យមើលលើឧបករណ៍ពិនិត្យសីតុណ្ហភាពគឺធ្លាក់ចុះទាបត្រឹម២០អង្សា និងឡើងខ្ពស់ត្រឹម២៦អង្សា។

ជាមួយគ្នានេះនៅថ្ងៃទី១៤កញ្ញាផ្ទាល់ ពេលព្រឹកព្រលឹមផ្ទៃមេឃបានបើកថ្ងៃស្រឡះខុសប្លែកពីបណ្ដាថ្ងៃមុនៗ ប៉ុន្តែ អូសបន្លាយដល់ពេលរសៀល ពពកខ្មៅបានគ្រប់ដណ្ដប់ក្រុងសែនមនោរម្យ និងមានភ្លៀងរលឹមបង្អុរធ្លាក់ចុះបន្តទៀត ។ ដោយឡែកសម្រាប់ខេត្តមណ្ឌលគិរីដែលជាតំបន់ប្រជុំភ្នំ សម្បូរតំបន់ខ្ពង់រាប និងមានដីក្រហមផងនោះ នៅពេលមានភ្លៀង ធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃក៏បណ្ដាលឲ្យសណ្ឋានដីមានភាពរអិល តួយ៉ាងនៅតាមតំបន់ដែលមិនទាន់មានផ្លូវក្រាលកៅស៊ូ មានស្ថានភាពរអិលខ្លាំង ដែលតម្រូវឲ្យអ្នកបើកបរម៉ូតូឬរថយន្តមានការប្រុងប្រយត្នខ្ពស់ផងដែរ។

 លោក ចាន់ រតនា នាយករងសាលាខេត្តមណ្ឌលគិរី និងជាមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ទោះបីជាមានភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃមកនេះ ប៉ុន្តែសម្រាប់ខេត្តមណ្ឌលគិរីនៅមិនទាន់មានសេចក្ដីរាយការណ៍ពីគ្រោះមហន្តរាយណាមួយនោះទេ ពោលគឺពុំមានខ្យល់កន្ត្រក់ ឬការជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទេ  ប៉ុន្តែទោះជាយ៉ាងនេះក្ដី រដ្ឋបាលខេត្តក៏បាននិងកំពុងតាមដានអំពីស្ថានភាពអាកាសធាតុនេះយ៉ាងយកចិត្តទុកដាក់បន្តទៀត៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img