26 C
Phnom Penh
Saturday, July 27, 2024

រយៈពេលជាង៦ឆ្នាំ រម្មណីយដ្ឋានទឹកធ្លាក់ស្រែអំពិល បានក្លាយជារម្មណីដ្ឋានបែបទំនើប ជាទីកំសាន្តសម្រាប់បងប្អូនប្រជាពលរដ្ឋទៅលេងកំសាន្តក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ

ខេត្តកំពង់ឆ្នាំង រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ស្រែអំពិល បានអភិវឌ្ឍន៍រយៈពេលជាង៦ឆ្នាំប្រែក្លាយពីតំបន់គ្មានការទៅលេងកម្សាន្ត រហូតដល់ក្លាយជារមណីយដ្ឋានដ៏ទាក់ទាញនិងទំនើប ព្រោះសមិទ្ធិផលជាច្រើនត្រូវបាន  កសាងដោយក្រសួងបរិស្ថាន អាជ្ញាធរខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន និងសហគមន៍។ ជាមួយនឹងការរីកចម្រើន រម្មណីយដ្ឋានដ៏ទាក់ទាញនេះ សហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល និងអាជ្ញាធរឃុំក្តុលសែនជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមអញ្ជើញទៅលេងកម្សាន្តដោយសប្បាយរីករាយនៅក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ។ ការអំពាវនាវនេះបានធ្វើឡើង ក្នុងឱកាសដែលក្រុមការងារយុវជន បានការឧបត្ថម្ភ ដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងការចុះសិក្សាស្វែងយល់ពីបរិស្ថាន និងធម្មជាតិនៅទឹកធ្លាក់ស្រែអំពិលកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។

លោក សោ ភា ប្រធានសហគមន៍ទឹកធ្លាក់ស្រែអំពិល មានប្រសាសន៍ថា៖ សហគមន៍ ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល បានបង្កើតឡើងនៅឆ្នាំ២០១៦។ ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរឃុំ ស្រុកនិង ខេត្ត បានកសាងជាបន្តបន្ទាប់តាំងពីគ្មានផ្លូវចូល ពីចំណុចផ្សារក្តុល មកដល់តំបន់ទឹកធ្លាក់មានចម្ងាយ ៧ គីឡូ ដោយបានធ្វើផ្លូវ ធ្វើផ្លូវដើរប្របមាត់ទឹក កសាងខ្យុះ បន្ទប់ទឹក និងបានការរីកចម្រើនជាបន្តបន្ទាប់ ។ ថ្មីៗនេះ ដោយសារមានការកសាងបន្ថែម ពីក្រសួងបរិដ្ឋាន ដែលបានថវិការពីការលក់ កាបោន  រួមទាំង អាជ្ញាធរខេត្ត និងឃុំក្តុលសែនជ័យ បានកសាង នូវបន្ទប់ទឹកបែបទំនើប  កសាងផ្លូវឡើង កសាងកាំជណ្ដើរពីបេតុង ខ្យុះធំៗ  កសាង តូបលក់ដូរ រួមទាំង ចំណតរថយន្ត ធ្វើឱ្យរម្មណីយដ្ឋាន ទេសចរណ៍ ទឹកធ្លាក់ស្រែងអំពិល មានភាពស្រស់ស្អាតយ៉ាងទាក់ទាញ ។

លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យ បានបញ្ជាក់ថា៖ តំបន់ទឹកធ្លាក់ស្រែអំពិលគឺស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ។រម្មណីយ៍ដ្ឋាននេះ ជាប់ព្រុំប្រទល់៤ភូមិ ក្នុងចំណោម៦ភូមិក្នុងឃុំ ក្តុលសែនជ័យ មានផ្ទៃដីសារុប ៣៥ ៥៦៧ហិកតាមានប្រជាពលរដ្ឋ ១៩៥៨គ្រួសារ ។ តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលមានផ្ទៃដីការពារចំនួន ១ ៧០០ ហិកតា។ បច្ចុប្បន្នរមណីយដ្ឋានទឹកធ្លាក់អំពិល ក្រោយបានកសាងនិងអភិវឌ្ឍន៍បានក្លាយទៅជារម្មណីយដ្ឋានបែបទំនើប ដែលចាំស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេងកម្សាន្ត។ ក្នុងនាមអាជ្ញាធរដែនដីក៏ដូចជាជំនួសមុខឲ្យសហគមន៍ទេសចរណ៍ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ សូមបញ្ជើញមកលេងកំសាន្តរម្មណីយដ្ឋានដ៏ស្រស់ស្អាត ក្នុងឱកាសបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខនេះ។

ក៏សូមបញ្ជាក់ថាតំបន់ទឹកធ្លាក់ស្រែអំពិល មានចម្ងាយប៉ុន្មានជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ។ បើយើងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្ពោះទៅទិសខាងលិច ដល់វត្តបរិបូរណ៍ បត់ខាងឆ្វេងដៃចុះពីថ្នល់ជាតិលឹង៥ ចម្ងាយ២៩ គីឡូម៉ែត្រ ទៅដល់ផ្សារក្តុល  ហើយបត់ឆ្វេង មុខមណ្ឌលសុខភាព ធ្វើដំណើរ ចម្ងាយ៧គីឡូម៉ែត្រនោះនឹងទៅដល់តំបន់ទឹកធ្លាក់ស្រែអំពិល ដែលបានរៀបចំយ៉ាងស្អាត មានចំណតរថយន្ត ធំទូរលាយ មានទឹកធ្លាក់ដ៏ស្រស់ស្អាត មានខ្យល់អាកាសបរិសុទ្ធ និងរុក្ខជាតិខៀវស្រងាត់ ដើមឈើ ខ្ពស់ៗ អមដោយសម្លេងទឹកធ្លាក់ និងសម្លេងសត្វយំ មករណ្តំដួងព្រលឹងភ្ញៀវទេសចរណ៍ ឱ្យលង់សម្រស់ធម្មជាតិ  ដែលបានមកម្តងហើយចង់មកម្តងទៀតជាពុំខាន៕

ដោយ Puthinews

Youtube Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img