ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ បុរសម្នាក់បានបើកបររថយន្តយ៉ាងលឿនខណៈមេឃកំពុងភ្លៀង និងបានរេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ហើយអ្នកបើកបររថយន្តបានរងរបួសធ្ងន់។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១២:៥០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ កែងនឹងផ្លូវលេខ៣៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BA-2418 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីលិចទៅកើត។ ខណៈមេឃកំពុងភ្លៀង លុះមកដល់ចំណុចកើតហេតុកែងនឹងផ្លូវលេខ៣៧១ បានរេចង្កូតទៅខាងឆ្វេងដៃក៏ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តខ្ទេចមួយចំហៀងមុខ ហើយក្រឡាប់ផ្ងារជើងទ្រមេឃ។ ចំណែកអ្នកបើកបររថយន្តបានរងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ និងរូបភាពដោយ៖Puthinews