ភ្នំពេញ៖ បុរសម្នាក់ ខណៈកំពុងជិះម៉ូតូនៅលើដងផ្លូវ បានទាក់ដៃចង្កូតជាមួយរថយន្ត ខ្ទាតចូលក្រោមរថយន្តកិនបែកក្បាលធ្លាយខួរពេញផ្លូវ ស្លាប់ភ្លាមៗ។ ករណីនេះ បានកើតឡើងនៅ ម៉ោង ១២:២០នាទីរសៀលថ្ងៃទី២៣ ខែតុលាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បនឱ្យដឹងថា សពជនរងគ្រោះឈ្មោះ ប្រុស និល ហៅក្តាម អាយុ៣១ឆ្នាំ ជាជាងឈើ ស្នាក់នៅបន្ទប់ជួលម្ដុំលូ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការនៅម្ដុំវត្តឃ្មួញ ទៅបន្តការងារមួយកន្លែងទៀត នៅម្តុំព្រៃស ខណ្ឌដង្កោ។ ខណៈកំពុងជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏បានទាក់ដៃចង្កូតជាមួយរថយន្តដឹកអេតចាយ បណ្តាលឱ្យដួលម៉ូតូ ហើយជនរងគ្រោះបានខ្ទាតចូលក្រោមកង់រថយន្ត ត្រូវរថយន្តកិនក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធម្ម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះមកធ្វើការវាស់វែង និងចាប់ខ្លួនអ្នកបើកបររថយន្ត ចាត់ការតាមនីតិវិធី។ ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ នឹង រូបភាព Puthinews
Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន