30 C
Phnom Penh
Saturday, July 27, 2024

រថយន្តខ្ទេចខ្ទីស្ទើរទាំងស្រុងក្រឡាប់ធ្លាក់ក្នុងប្រឡាយ សំណាងមិនមាននរណាម្នាក់គ្រោះថ្នាក់ តែមនុស្សប្រុសស្រី០៤នាក់ ព្រលឹងចុងសក់ ខណ:បើកបរក្នុងល្បឿនលឿនត្រង់ផ្លូវកោង

ស្តាប់អត្ថបទជាសម្លេង

ខេត្តប៉ៃលិន៖ រថយន្តម៉ាកវីហ្គោ ពណ៌ទឹកប្រាក់១គ្រឿង បានទទួលរងការខូចខាតស្ទើរទាំងស្រុង ដោយសារបើកបរពេលយប់ ក្នុងល្បឿនលឿននៅត្រង់ចំណុចផ្លូវកោង លុះបួងចង្កូតមិនទាន់ ក៏បណ្តាលឱ្យជ្រុលទៅខាងឆ្វេងដៃធ្លាក់ចូលក្នុងប្រឡាយអត់ទឹកក្រឡាប់ជាច្រើនត្រឡប់ ។ ទោះបីជាយ៉ាងណាក៏គេគិតថា ជាសំណាងល្អ ព្រោះអ្នកបើកបរ និងអ្នករួមដំណើរ អត់មានទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយគ្រាន់តែរលាត់ដៃជើងតិចតួច តែម្នាក់ៗព្រលឹងចុងសក់ ស្រែកទ្រហោពេញរថយន្ត ។

ហេតុការណ៍ករណីជនរងគ្រោះ បើកបររថយន្តក្នុងល្បឿនលឿន ត្រង់ចំនុចផ្លូវកោង បណ្តាលឱ្យជ្រុលចង្កូតធ្លាក់ចូលក្នុងប្រឡាយ អត់ទឹកក្រឡាប់ច្រើនត្រឡប់ រងការខូចខាតយ៉ាងដំណំនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទី យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្រែម្អម ទល់មុខបន្ទាយយោធា៥០៤ ស្ថិតក្នុងភូមិសាលាក្រៅ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

 ប្រភពព័ត៌មានបានឱ្យដឹងថា៖ ជនរងគ្រោះមាន ឈ្មោះ សឿ ភីរ៉ា អាយុ២៨ឆ្នាំ រស់នៅក្រុងប៉ៃលិន អត់រងរបួស ដោយបើកបររថយន្តម៉ាកវីហ្គោ (Vigo) ពណ៌ប្រាក់ អត់មានស្លាកលេខ រងការខូចខាតស្ទើរទាំងស្រុង ដោយមានអ្នករួមដំណើរប្រុសស្រីចំនួន០៣នាក់ទៀត សុទ្ធតែយុវវ័យ រស់នៅក្នុងក្រុងប៉ៃលិន ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកវីហ្គោ ពណ៌ប្រាក់១គ្រឿង ជិះគ្នា០៤នាក់ ដោយសុទ្ធតែជាក្មេងៗយុវវ័យ ក្នុងទិសដៅពីជើងទៅត្បូង បើកបរចេញពីទឹកដីបានឡែម ភូមិដូង ស្រុកកំរៀង ខេត្តបាត់ដំបង លុះចូលមកដល់ក្នុងទឹកដីខេត្តប៉ៃលិន ក៏បើកបរក្នុងល្បឿនលឿន ពេលដល់ចំណុចផ្លូវកោង មិនបន្ថយល្បឿន បណ្តាលឱ្យជ្រុលចង្កូត ទៅខាងឆ្វេងដៃ បុកដើមឈើបាក់១ដើម និងបង្គោលស៊ីម៉ង់តិ៍បាក់អស់១ដើមដែរ រួចក៏ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យរងការខួចខាតតែម្តង ។

 ប្រភពបញ្ជាក់ទៀតថា នេះពិតជាសំណាង១លើ១០០០សំណាងហើយ ដែលរថយន្តខាងលើ បើកបរក្នុងល្បឿនលឿន ហើយក្រឡាប់ច្រើនត្រឡប់ ទទួលរងការខូចខាតយ៉ាងដំណំ តែមនុ ស្ស​​នៅក្នុងរថយន្ត បែរជាមិនមានគ្រោះថ្នាក់ដល់អាយុជីវិត ។

ទោះបីជាយ៉ាងណា អ្នកបើកបររថយន្តទាំងឡាយ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយពិនិត្យមើលស្លាកសញ្ញាបង្ហាញពីគ្រោះថ្នាក់នៅតាមក្បែរចិញ្ចើមដងផ្លូវផងដែរ បើមិនដូច្នោះទេ អាចនឹងកើតមានដូចករណីមួយនេះជាក់ជាមិនខាន ។ រហូតមកដល់ព្រឹកថ្ងៃដដែល កម្លាំងនគរបាល បានចុះពិនិត្យ និងឱ្យក្រុមគ្រួសារជនរងគ្រោះ ស្ទូចរថយន្តយកទៅជួសជុលនៅក្នុងក្រុងប៉ៃលិន ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img