រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានចាកចេញពីទីក្រុងភ្នំពេញជាមួយនិងសុទិដ្ឋិនិយម បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


លោកបានសរសេរលើTweeterថា «ខណៈដែលខ្ញុំកំពុងចាកចេញពីប្រទេសកម្ពុជា ខ្ញុំសូមឆ្លុះបញ្ចាំងពីកិច្ចប្រជុំដែលខ្ញុំបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន និងមេដឹកនាំក្នុងតំបន់ផ្សេងទៀត។ យើងបានធ្វើឱ្យវឌ្ឍនភាពឈានទៅរកគោលដៅរួមរបស់យើង»។
លោកបានបន្ថែមថា “ខ្ញុំចាកចេញដោយមានសុទិដ្ឋិនិយមអំពីវឌ្ឍនភាពដែលយើងនៅតែអាចរួមគ្នាឆ្ពោះទៅរកចក្ខុវិស័យរបស់យើងសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក” ។


នៅក្នុងសន្និសីទសារព័ត៌មាននៅមុននេះបន្តិច នាថ្ងៃដដែល លោក Blinken បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកនឹងបន្តមានទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជា ដោយផ្អែកលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដូចជាទីផ្សារនាំចេញ និងជំនួយអភិវឌ្ឍន៍។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងភ្នំពេញ លោកក៏បានប្រកាសអំពីគម្រោងថ្មីដែលមានទឹកប្រាក់ចំនួន ២៥លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មរបស់កម្ពុជា។


ពេលនេះរដ្ឋមន្ត្រីការបរទេសអាមេរិកកំពុងបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន បន្ទាប់មកលោកនឹងបន្តទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសរវ៉ាន់ដា រហូតដល់ថ្ងៃទី១២ ខែសីហា។
ដោយ៖ Puthinews
Telegram Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News