ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះប្រមុខការទូតជាន់ខ្ពស់កម្ពុជា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានអនុញ្ញាតឱ្យបេក្ខជនជ័យលាភី អាហារូបករណ៍របស់ជប៉ុន JDS ចំនួន២៦រូប មកពីក្រសួង ស្ថាប័នចំនួន១៥ ដែលក្នុងនោះមានមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ០១រូប ចូលជួបសម្តែងការគួរសមតាមប្រព័ន្ធវីដេអូ។
ជាកិច្ចចាប់ផ្ដើម តំណាងនិស្សិតអាហារូបករណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតទាំង២៦រូប និងទទួលបានអនុសាសន៍ ណែនាំដ៏មានតម្លៃមុនចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន។
ក្នុងឱកាសនោះ លោក ឧបនាយករដ្ឋមន្ត្រី បានរំឭកអំពីការបង្កើតវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដែលមានក្នុងប្រវត្តិសាស្រ្តជាលើកទី១ និងទទួលបានការគាំទ្រ និងការយកចិត្តទុកដាក់ខ្លាំងពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅពង្រឹងសមត្ថភាពមន្រ្តីការទូតប្រកបដោយវិជ្ជាជីវៈ ឱ្យចូលប្រលូកជាមួយបរទេសនៅលើឆាកអន្តរជាតិ។
បន្ទាប់មក លោកឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរ និងកោតសសើរចំពោះនិស្សិតជ័យលាភី ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។
លោក ឧបនាយករដ្ឋមន្ត្រីបានចែករំលែកបទពិសោធន៍ ដែលលោកឧបនាយករដ្ឋមន្ត្រី ធ្លាប់បានសិក្សានៅក្រៅប្រទេស និងបានផ្ដល់អនុសាសន៍ណែនាំ ដល់និស្សិតឱ្យមានភាពអត់ធ្មត់ គោរពវិន័យ និងខិតខំប្រឹងប្រែងរៀនសូត្រពីប្រទេសជប៉ុន ដើម្បីយកចំណេះដឹងទាំងនោះ មកអភិវឌ្ឍប្រទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនងកម្ពុជា-ជប៉ុន គឺជាទំនាក់ទំនងដែលមានការយោគយល់ច្រើនដល់ប្រទេសកម្ពុជា ជាពិសេសក្នុងដំណើរការស្វែងរកសន្តិភាព ការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ការគាំទ្រកម្ពុជាលើឆាកអន្តរជាតិ និងការផ្តល់ជំនួយឧបត្ថម្ភដល់កម្ពុជា។
គិតចាប់ពីឆ្នាំ ២០០១ ដល់ ឆ្នាំ ២០២១ មាននិស្សិតកម្ពុជាចំនួន៤៩៦រូប បានទទួលអាហារូបករណ៍ជប៉ុន JDS ថ្នាក់ក្រោយឧត្តមសិក្សា ក្នុងនោះមានមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំនួន២៤រូបផងដែរ។
ជាចុងក្រោយ លោក ឧបនាយករដ្ឋមន្ត្រី បានជូនពរដល់និស្សិតឱ្យទទួលបានជោគជ័យក្នុងការសិក្សា ជាពិសេសរក្សាភាពថ្លៃថ្នូរ ថែរក្សាសុខភាព និងនាំកិត្តិយសជូនជាតិ និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់និស្សិតក្នុងម្នាក់ទទួលបាន១០០ដុល្លារអាមេរិក៕
អត្ថបទ និងរូបភាពដោយ៖ Puthi News