30 C
Phnom Penh
Saturday, July 27, 2024

រកឃើញសម្បុកសត្វត្រដក់តូចចំនួន ៧សម្បុក ខណៈសត្វប្រភេទនេះមានត្រឹម ៣ពាន់ក្បាល លើសកលលោក

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ អង្គការ WCS បានឱ្យដឹងថា ប្រទេសកម្ពុជាគឺជាទីជម្រកមួយរបស់សត្វត្រដក់តូចដែលនៅលើពិភពលោកមានចំនួនសរុបប្រហែល ៣,០០០ក្បាល ខណៈមន្ត្រីស្រាវជ្រាវសត្វរកឃើញសម្បុកវាចំនួន៧សម្បុកនៅកម្ពុជា។

រដូវពងកូនរបស់សត្វត្រដក់តូចចាប់ផ្តើមពីខែកញ្ញាដល់ខែវិច្ឆិកា។ នៅក្នុងនោះក្រុមការងារស្រាវជ្រាវបានរកឃើញសម្បុករបស់សត្វត្រដក់តូច(Lesser adjutant) ចំនួនពីរហ្វូង ដែលហ្វូងទី១មានសម្បុកចំនួន ៥សម្បុក និងហ្វូងទី២មាន ២សម្បុក បន្ទាប់ពីក្រុមការពារសម្បុកសហគមន៍បានយាមការពារសម្បុកសត្វត្រយងយក្សមួយសម្បុករហូតដល់កូនញាស់ ហើរចេញដោយសុវត្ថិភាព។

សត្វត្រដក់តូច ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទងាយរងគ្រោះជាសាកល។ បច្ចុប្បន្នក្រុមមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS បានចាត់តាំងក្រុមការពារសម្បុកសហគមន៍ឱ្យយាមការពារសម្បុកសត្វត្រដក់តូចទាំងអស់ និងកំពុងស្វែងរកសម្បុកសត្វត្រដក់តូចបន្តទៀតដើម្បីការពារ។

តាមការស្រាវជ្រាវចំនួនសត្វត្រដក់តូចថយចុះជាសកល ទោះបីជាមានវិធានការទប់ស្កាត់មិនឱ្យចំនួននេះថយចុះនៅក្នុងតំបន់មួយចំនួនក្តី។ មូលហេតុថយចុះយ៉ាងខ្លាំងនៃ ចំនួនសត្វប្រភេទនេះបណ្តាលមកពីកត្តាគំរាមកំហែងផ្សេងៗ ដូចជាការលួចប្រមូលយកពងនិងកូនត្រដក់តូចពីហ្វូងរបស់វា ការបាត់បង់ទីជម្រកសម្រាប់ធ្វើសម្បុកពងកូន ការផ្លាស់ប្តូរនិងការបាត់បង់តំបន់ដីសើម និងការផ្លាស់ប្តូរទៅរកការធ្វើកសិកម្មតាមបែបប្រពលវប្បកម្ម។ ត្រដក់តូចក៏ទទួលរងការគំរាមកំហែងផងដែរតាមរយៈសកម្មភាពដាក់ថ្នាំបំពុលក្នុងទឹកដើម្បីចាប់ត្រី។ 

សូមរំលឹកថា កាលពីរដូវពងកូនឆ្នាំ ២០២០ ក្រុមការងារស្រាវជ្រាវសត្វព្រៃបានរកឃើញសម្បុកត្រដក់តូចចំនួន ៤សម្បុក ក៏ប៉ុន្តែពងនៅក្នុងសម្បុកទាំងអស់មិនបានញាស់ទេ ដោយសារតែមានការរំខានពីមនុស្ស៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img