មជ្ឈមណ្ឌលត្រួតពិនិត្យរបស់ក្រសួងការពារជាតិរុស្ស៊ី (NDCC) បានរាយការណ៍កាលពីថ្ងៃចន្ទថា យន្តហោះចម្បាំង Su-35 របស់រុស្ស៊ីបានស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 របស់សហរដ្ឋអាមេរិកចំនួន ២ គ្រឿង មិនឲ្យហោះទៅដល់ព្រំដែនរុស្ស៊ីលើសមុទ្របាល់ទិក ។
NDCC បាននិយាយថា “នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ រ៉ាដាចាប់សញ្ញារបស់កងកម្លាំងការពារដែនអាកាសរុស្ស៊ី ប្រចាំនៅភូមិភាគខាងលិចដែលបំពេញកាតព្វកិច្ចលើសមុទ្របាល់ទិក បានរកឃើញគោលដៅហោះហើរលើអាកាសចំនួន ២ ក្នុងទិសដៅឆ្ពោះទៅព្រំដែនរុស្ស៊ី ហើយគោលដៅនោះត្រូវបានកំណត់ថា ជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52N របស់កងកម្លាំងអាកាសអាមេរិក” ។
ក្រោយពេលដែលកំណត់បានអត្តសញ្ញាណហើយ កងកម្លាំងការពារដែនអាកាសនៃភូមិភាគខាងលិច បានចេញសកម្មភាពចល័តយន្តហោះចម្បាំង Su-35 ដើម្បីទៅស្ទាក់ចាប់ ក៏ដូចជាបណ្ដេញយន្តហោះទាំងនោះផងដែរ ។
NDCC បាននិយាយទៀតថា “បន្ទាប់ពីការបណ្ដេញយន្តហោះយោធាបរទេសចេញពីព្រំដែនរដ្ឋរុស្ស៊ីហើយ យន្តហោះចម្បាំងរុស្ស៊ី Su-35 បានហោះត្រឡប់ទៅកាន់មូលដ្ឋានទ័ពអាកាសរបស់ខ្លួនវិញផងដែរ” ។
គួរបញ្ជាក់ថា ឧប្បត្តិហេតុចុងក្រោយនេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃទី១៤ ខែមីនាថា យន្តហោះដ្រូន MQ-9 Reaper របស់អាមេរិកបានធ្លាក់ក្នុងសមុទ្រខ្មៅ បន្ទាប់ពីបានហោះចូលរំលោភលើដែនអាកាសរបស់រុស្ស៊ី ៕
ដោយ៖ Puthinews
Puthinews Android app: Puthi News
Youtube Channel: Puthi News
Telegram Channel: Puthi News