26 C
Phnom Penh
Saturday, July 27, 2024

ម្ចាស់លំនៅឋានសំណូមពរឲ្យម្ចាស់បុរី ជីប ម៉ុង យកចិត្តពីសុវត្ថិភាពរស់នៅ ក្រោយពីមានចោរចូលគាស់ផ្ទះជាបន្តបន្ទាប់

ភ្នំពេញ៖ ម្ចាស់លំនៅឋានម្នាក់ រស់នៅក្នុងបុរី ជីប ម៉ុង មួយកន្លែងស្ថិតនៅក្នុងរាជធានីភ្មំពេញ នៅដើមឆ្នាំ២០០២៣នេះ បានសំណូមពរឲ្យម្ចាស់បុរី និងសន្តិសុខយាមបុរី ពង្រឹងការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់រស់នៅបន្ទាប់ពីមានករណីចោរចូលគាស់ទ្វារផ្ទះជាបន្តបន្ទាប់ ទោះបីនៅក្នុងបរិវេណបុរីនេះ មានក្រុមសន្តិសុខយាមការពារក៏ដោយ។

នៅក្នុងកំណត់ហេតុរបស់នគរបាលប៉ុស្តិ៍ចក្រអង្រែលើ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា ម្ចាស់ផ្ទះលេខ១៥ ផ្លូវអិល០២ បុរី ជីប ម៉ុង ស្ថិតក្នុងសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានក្រុមចោរលបចូលគាស់ទ្វារផ្ទះ និងលួចអស់ទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់។

ស្ត្រីរូបនេះបានរៀបរាប់លម្អិតប្រាប់នគរបាលសង្កាត់ចក្រអង្រែលើ អំពីវត្ថុមានតម្លៃ មានដូចជាមាស ពេជ្រ ខ្សែក ក្រវិល ចិញ្ចៀន លុយខ្មែរ និងលុយបរទេស ដែលសរុបជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ត្រូវបានក្រុមចោរគាស់យកអស់ ខណៈលោកស្រីមិននៅផ្ទះ។

តាមរយៈឃ្លីបវីដេអូ ថតដោយកាមេរ៉ាសុវត្ថិភាព បានបង្ហាញបុរសពីរនាក់ នាវេលាយប់នោះ ស្លៀកពាក់ខោអាវខ្មៅ ពាក់មួក ពាក់ម៉ាសបិទមុខ និងស្ពាយសាក់កាដូ បានឡើងតាមរបងផ្នែកខាងក្រោយផ្ទះ រួចយកដៃបាំងកាមេរ៉ា មុនពួកគេចូលទៅក្នុងផ្ទះ។ ចំណែកកាមេរ៉ាសុវត្ថិភាពផ្សេងទៀត ក៏បានថតជាប់រថយន្តរបស់ក្រុមចោរបើកបរធ្វើសកម្មភាពនៅក្នុងបុរី នាយប់នោះផងដែរ។

លោកស្រីបានសម្តែងការភ័យខ្លាចប្រាប់អ្នកសារព័ត៌មានចំពោះក្រុមចោរស្ពាយសាកាដូ ដែលអាចធ្វើសកម្មភាពចូលលួចនៅក្នុងលំនៅឋានរបស់លោកស្រី ខណៈម្ចាស់បុរីមានក្រុមសន្តិសុខយាមប្រចាំការទាំងយប់ទាំងថ្ងៃ។

លោកស្រីបានមានប្រសាសន៍ថា «ចោរនេះអាចជាចោរមានបទពិសោធណាស់ ហ៊ានលួចដោយមិនខ្លាចសោះ។ ចោរនេះធ្វើសកម្មភាពជាងមួយម៉ោង ដោយមិនខ្លាចសន្តិសុខ។ ចោរនេះមិនមែនជាចោរត្រឹមលួចទេ អាចប្លន់ថែមទៀតផង ប្រសិនបើជួបម្ចាស់ផ្ទះ ព្រោះអាចមានកាំភ្លើងនៅក្នុងសាកាដូ»។

កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ អ្នករស់នៅក្នុងបុរីនេះម្នាក់ទៀត បានប្រាប់អ្នកសារព័ត៌មានថា
ករណីចោរចូលគាស់ទ្វារផ្ទះក្នុងបុរី ជីប ម៉ុង គឺមិនមែនទើបតែកើតឡើងលើកទី១នោះទេ ទោះមានសន្តិសុខយាមការពារក៏ដោយ ដូច្នេះពួកគាត់ចង់ឲ្យបុរី ជីប ម៉ុង ចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ពួកគាត់ផង។

ពួកគាត់បានអះអាងថា អ្នករស់នៅក្នុងបុរីនេះ បានបង់ថ្លៃសេវាសន្តិសុខជារៀងរាល់ឆ្នាំ ដែលក្នុងមួយឆ្នាំសរុបជាទឹកប្រាក់ជិត៥០០ដុល្លារ ប៉ុន្តែនៅពេលមានបញ្ហាចោរចូលផ្ទះ បែរជាក្រុមសន្តិសុខមិនសូវយកចិត្តទុកដាក់ចំពោះពួកគាត់ទៅវិញ។

ពួកគាត់បាននិយាយរំឭកថា ក្រោយពីកើតហេតុចោរចូលផ្ទះ ជនរងគ្រោះបានប្តឹងក្រុមសន្តិសុខ និងនគរបាលនៅក្នុងមូលដ្ឋាន ឲ្យជួយខ្នះខ្នែងរកមុខសញ្ញាចោរ ប៉ុន្តែផ្ទុយទៅវិញ ពេលសុំឆេកកាមេរ៉ាសុវត្ថិភាពរបស់ម្ចាស់បុរី ក្រុមសន្តិសុខប្រាប់ដោយខ្លីថា កាមេរ៉ាខូច។

ការព្យាយាមសុំការបកស្រាយបំភ្លឺពីម្ចាស់បុរី ចំពោះករណីចោរចូលគាស់ទ្វារផ្ទះនេះ មិនទទួលបានលទ្ធផលឡើយ។ បុរសម្នាក់នៅផ្នែកគ្រប់គ្រងបុរី ជីប ម៉ុង ពេលទាក់ទងបានតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានប្រកែកថា ច្រឡំលេខ ចំណែកបុរសម្នាក់ទៀតនៅផ្នែកសន្តិសុខវិញ ក្រោយពីបានទទួលសំណួររួចហើយ បដិសេធមិនបកស្រាយដោយសន្យាថា ជាភារកិច្ចរបស់អ្នកផ្សេង។

រីឯមន្ត្រីនគរបាលប៉ុស្តិ៍ចក្រអង្រែលើ ដែលទទួលពាក្យបណ្តឹង និងធ្វើកំណត់ហេតុអំពីចោរគាស់ទ្វារផ្ទះក្នុងបុរី ជីប ម៉ុង មិនអាចទាក់ទងសុំការបកស្រាយបានឡើយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img