30 C
Phnom Penh
Saturday, July 27, 2024

ម៉ាឡេស៊ីទិញថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩របស់ក្រុមហ៊ុន Merck ចំនួន១៥ម៉ឺនគ្រាប់

ស្តាប់អត្ថបទជាសំឡេង

រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសម៉ាឡេស៊ីបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន មឺក (Merck) ដើម្បីទិញថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ ខណៈដែលប្រទេសនេះកំពុងឆ្ពោះទៅរក «ការរស់នៅជាមួយវីរុសកូវីដ-១៩» ។

លោក ខៃរី ចាម៉ាលូឌីន (Khairy Jamaluddin) បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ការសម្រេចនោះត្រូវបានធ្វើឡើងជាផ្នែកមួយនៃការត្រៀមរបស់យើងដើម្បីឆ្ពោះទៅរកការរស់នៅជាមួវីរុសកូវីដ-១៩។»

លោកបាននិយាយថា ប្រទេសម៉ាឡេស៊ីនឹងទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ចំនួន១៥ម៉ឺនគ្រាប់។

ថ្នាំគ្រាប់នោះត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនឱសថ មឺក (Merck) នៅក្នុងសហរដ្ឋអាមេរិកនិងប្រទេសកាណដារួមគ្នាជាមួយក្រុមហ៊ុន រីដបេក (Ridgeback) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងម៉ៃអាមី (Miami) ។

លោក ខៃរី (Khairy) បាននិយាយថា ការសិក្សាជាច្រើនដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុនឱសថ មឺក (Merck) បានរកឃើញថា ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩របស់គេកាត់បន្ថយអត្រាចូលសម្រាកនៅមន្ទីរពេទ្យបាន៥០% និងមានប្រសិទ្ធភាពចំពោះវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ ដែលតា (Delta), មូ (Mu) និងហ្គាម៉ា (Gamma) ។

ប៉ុន្តែលោក ខៃរី បានបញ្ជាក់ថា នេះមិនមែនមានន័យថាការចាក់វ៉ាក់សាំងលែងចាំបាច់នោះទេ ព្រោះការចាក់វ៉ាក់សាំងអាចការពារការឆ្លងនិងមិនឲ្យវិវត្តន៍ទៅជាធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា បច្ចុប្បន្នម៉ាឡេស៊ីមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបជិត២.៣លាននាក់ដែលជាតួលេខខ្ពស់បំផុតទី៣នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែបានដកការរឹតបន្តឹងលើការធ្វើដំណើរជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលចំនួនករណីឆ្លងថ្មីបានថយចុះក្នុងគ្រាយុទ្ធនាការចាក់វ៉ាក់សាំងត្រូវបានពន្លឿន។

រហូតមកទល់ពេលនេះ ប្រហែល៦៤%នៃពលរដ្ឋម៉ាឡេស៊ីសរុបចំនួន៣២លាននាក់បានចាក់វ៉ាក់សាំងពេញលេញក្នុងនោះ៨៨%ជាពលរដ្ឋពេញវ័យ៕


អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img