30 C
Phnom Penh
Saturday, July 27, 2024

មេបញ្ជាការរងយោធភូមិភាគទី៥ ស្នើភាគីថៃ ជួយព្យាបាលពលករកម្ពុជា ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងរយ:ពេលកំពុងស្វែងរកការងារធ្វើនៅប្រទេសថៃ

  បាត់ដំបង៖ការស្នើនេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារ និងអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាពកម្ពុជា-ថៃ តាមប្រព័ន្ធបញ្ជូនរូបភាពនិង សំឡេង(VTC) នៅទីបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ ប្រធានក្រុមការងារលេខា និងមន្ត្រីរាជការខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៃព្រះរាជណាចក្រកម្ពុជា ជាមួយភាគីថៃដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ក្រៃភព ឆៃយ៉ាក់ផាន់ នាយសេនាធិការកងទ័ពភូមិភាគទី១ ក្រុមលេខា និងមន្ត្រីរាជការខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ។ 

ក្នុងកិច្ចប្រជុំអភិវឌ្ឍសម្ព័ន្ធមេត្រីភាព និងពិភាក្សាការងាររាជការ រវាងយោធភូមិភាគទី៥នៃប្រទេសកម្ពុជា និងកងទ័ពភូមិភាគទី១ នៃប្រទេសថៃនាពេលនោះ បានផ្តោតលើកបញ្ហាធំសំខាន់ៗ ចំនួន៤ខ្លឹមសារ ដើម្បីយកមកពិភាក្សាគឺ៖

ទី១៖ ការការពារ និងទប់ស្កាត់ពលករឆ្លងដែន និងការរៀបចំការងារសម្រាប់ពលករ ទី២៖ បញ្ហាគ្រឿងញៀន ទី៣៖ បញ្ហាផ្ទុះជំងឺកូវីដ-១៩  ក្នុងស្ថានការណ៍នាពេលបច្ចុប្បន្ន និងទី៤៖ បញ្ហាល្បែងភ្នាល់តាមអនឡាញ ។

មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានស្នើឱ្យភាគីថៃជួយព្យាបាលពលករកម្ពុជាដែលមានជំងឺកូវីដ-១៩  ជាពិសេសចំពោះពលករ ដែលកំពុងស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ ។ ទន្ទឹមនឹងនោះដែរ លោកមេបញ្ជាការរងយោធភូមិភាគទី៥ បានស្នើដល់ភាគីថៃ ជួយសម្របសម្រួលករណីពលករខ្មែរឆ្លងដែនខុសច្បាប់មិនទាន់បានប្រព្រឹត្តទោសធ្ងន់ធ្ងរ សូមបញ្ជូនខ្លួនពលករទាំងនោះឱ្យបានវិលត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព និងជួយទប់ស្កាត់មិនឱ្យមានមេខ្យល់រង់ចាំទទួលពលករខុសច្បាប់ពីកម្ពុជា ។

សូមបញ្ជាក់ថា តាមរយៈនៃកិច្ចប្រជុំតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង(VTC) នាពេលនេះ ភាគីទាំងពីរបានស្នើសុំឱ្យកម្លាំងសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធនៅជួរមុខ និងស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធទាំងពីរភាគី រួមគ្នាពិចារណា ដើម្បីកំណត់ជាគោលការណ៍សម្រាប់ធ្វើការដោះស្រាយបញ្ហាផ្សេងៗ តាមខ្សែបន្ទាត់ព្រំដែន នៃប្រទេសទាំង២ឱ្យសមស្របជាប្រទេសមានភូមិផងរបងជាមួយគ្នា ហើយនៅក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរបានពិភាក្សាគ្នាដោយយកចិត្តទុកដាក់ និងផ្អែកលើទស្សនៈផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ជាពិសេសប្រជាពលរដ្ឋយើងដែលរស់នៅតាមបរិវេណព្រំដែនកម្ពុជាថៃ ធានាបាននូវសុខសុវត្ថិភាព និងភាពរីកចម្រើនទាំងផ្នែកជីវភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គមកាន់តែល្អប្រសើរ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img