30 C
Phnom Penh
Saturday, July 27, 2024

មេដឹកនាំក្រុមតាលីបង់លោក Mullah Baradar វិលត្រឡប់មកអាហ្វហ្គានីស្ថានវិញ

ក្រុមតាលីបង់បាននិយាយកាលពីថ្ងៃអង្គារថា ម្នាក់ក្នុងចំណោមសហស្ថាបនិកនិងក្រុមមេដឹកនាំរបស់ពួកគេគឺលោក មូឡាស់ អាប់ឌុល ហ្គានី បារ៉ាដា (Mullah Abdul Ghani Baradar) បានវិលត្រឡប់មកប្រទេសអាហ្វហ្គានីស្ថានវិញជាលើកដំបូងក្នុងរយៈពេលជាង១០ឆ្នាំមកនេះ។

អ្នកនាំពាក្យក្រុមតាលីបង់បានសរសេរនៅលើគណនីធ្វីតធ័រ (Twitter) ថា លោក បារ៉ាដា(Baradar) ដែលជាប្រធានការិយាល័យរបស់ក្រុមតាលីបង់បានធ្វើដំណើរមកដល់ទីក្រុងកាន់ដាហា (Kandahar) រួមជាមួយនឹងគណៈប្រតិភូមួយក្រុម។

វីដេអូដែលអ្នកនាំពាក្យក្រុមតាលីបង់បានបង្ហោះនៅលើគណនីធ្វីតធ័រ (Twitter) បានបង្ហាញឲ្យឃើញមនុស្សជាច្រើនចុះពីលើយន្តហោះ និងមានការទទួលស្វាគមន៍បុរសម្នាក់ដែលគេជឿថាជាលោក បារ៉ាដា (Baradar) ហើយអក្សរនៅលើវីដេអូបានសរសេរថាលោកបានធ្វើដំណើរមកពីប្រទេសកាតា។

វីដេអូនោះត្រូវបានគេបង្ហោះកាលពីថ្ងៃអង្គារ ប៉ុន្តែទីភ្នាក់ងារព័ត៌មាន Reuters មិនអាចបញ្ជាក់ពីកាលបរិច្ឆេទនៃការថតបានទេ។

សូមរម្លឹកថា លោក បារ៉ាដា (Baradar) ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថានកាលពីឆ្នាំ២០១០ ប៉ុន្តែត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងឆ្នាំ២០១៨តាមសំណើរបស់រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីឲ្យលោកអាចចូលរួមក្នុងកិច្ចចរចាសន្តិភាព៕

អត្ថបទ នឹង រូបភាព Puthi News

អានបន្ត

spot_img